លោក Maurizio Sarri បានបញ្ជាក់ថា ក្រុម Chelsea នឹងមិនមានឱកាសក្នុងការប្រជែងជាមួយនឹងក្រុម Manchester City និង Liverpool នៅរដូវកាលក្រោយឡើយ ប្រសិនបើការជាប់ពិន័យព្យួរហាមមិនឲ្យទិញចូលកីឡាករថ្មីរបស់ពួកគេ ក្នុងពេលបើកទីផ្សារដោះដូរចំនួន២លើក មិនត្រូវបានលុបចោលទេនោះ។

ក្រុម Chelsea បានរងពិន័យព្យួរ ដោយសារតែការប្រព្រឹត្តល្មើសនឹងច្បាប់ដោះដូរកីឡាករអន្តរជាតិ លើកីឡាករជាអនីតិជន ហើយ FIFA បានច្រានចោលបណ្តឹងតវ៉ារបស់ពួកគេប្រឆាំងនឹងការសម្រេចចិត្តនេះ កាលពីថ្ងៃពុធ។ ក្រុមតោខៀវមួយនេះ នឹងត្រូវប្រយុទ្ធប្រឆាំងនឹងការជាប់ពិន័យព្យួរលើការដោះដូរកីឡាករ ក្នុងតុលាការអាជ្ញាកណ្តាលកីឡា ប៉ុន្តែ វាបានក្លាយជាព័ត៌មានដ៏អាក្រក់មួយសម្រាប់លោក Sarri នៅមុនពេលការប្រកួតក្របខ័ណ្ឌ Europa League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី៣ ជាមួយនឹងក្រុម Eintracht Frankfurt នៅរាត្រីនេះ។
ក្រោយពីបានកក់កៅអីមួយក្នុងការប្រកួតក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយរួចជាស្រេច ក្រោយពីមានសុវត្ថិភាពក្នុងការបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំង៤នៅលើតារាងក្របខ័ណ្ឌ Premier League ក្រុម Chelsea កំពុងតែប្រជែងរកការឈ្នះពានជាលើកទិ១របស់ពួកគេក្រោមការដឹកនាំរបស់លោក Sarri ក្នុងយុទ្ធនាការ Europa League។ ពួកគេកំពុងតែមានប្រៀបខ្ពស់ក្នុងការឈានទៅវគ្គផ្តាច់ព្រ័ត្រ ក្រោយពីបានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ នៅលើទឹកដីក្រុម Frankfurt ក្នុងការប្រកួតជើងទី១ កាលពីសប្តាហ៍មុន។

ប៉ុន្តែ លោក Sarri មានការខ្វល់ខ្វាយថា ក្តីសង្ឃឹមក្នុងការលុបចោលភាពត្រដាបត្រដួសក្នុងរដូវកាលដំបូងរបស់លោក នឹងត្រូវកម្ទេច ប្រសិនបើក្រុម Chelsea មិនអាចទិញចូលកីឡាករ ដើម្បីអាចប្រជែងជាមួយនឹងក្រុម Man City និង Liverpool ក្នុងក្របខ័ណ្ឌ Premier League ទេនោះ។ លោក Sarri ដែលក្រុមរបស់លោកកំពុងតែដេញតាមពីក្រោយក្រុម Man City ដល់ទៅ២៤ពិន្ទុនោះ បានឲ្យដឹងថា៖ «វាពិតជាលំបាកណាស់ក្នុងការកាត់បន្ថយគម្លាតនេះ។ យើងត្រូវតែធ្វើការ ហើយយើងប្រហែលជាធ្វើអ្វីមួយពីទីផ្សារ»៕
ប្រភពព័ត៌មាន៖ Channel News Asia
