មិនធម្មតាទេ! លោក Jurgen Klopp អ្នកចាត់ការទូទៅរបស់ក្រុមហង្សក្រហម Liverpool បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលដ៏អស្ចារ្យបំផុតមួយក្នុងប្រវត្តិសាស្ត្រនៃក្របខ័ណ្ឌ Champions League កាលពីយប់ថ្ងៃអង្គារកន្លងទៅក្រោយយកឈ្នះ ៤ទល់នឹង០ លើ Barcelona នៅទឹកដី Anfield ទោះចាញ់នៅអេស្ប៉ាញ ៣-០ ក៏ដោយ ឡើងវគ្គផ្ដាច់ព្រ័ត្រដោយសរុបទាំងពីរជើង ៤-៣ ហើយជ័យជំនះនេះធ្វើឲ្យគ្រប់គ្នានិយាយពីរឿងនេះ មិនទាន់ស្ងាត់នៅឡើយ។

ជាក់ស្ដែងអតីតគ្រូបង្វឹកក្រុមបិសាចក្រហម Manchester United លោក Jose Mourinho បានសរសើរគ្រូបង្វឹក Liverpool មិនដាច់ពីមាត់។ បុរសសញ្ជាតិព័រទុយហ្កាល់រូបនេះបានរៀបរាប់ថា ជ័យជំនះរបស់ Liverpool គឺកើតមកពី Jurgen Klopp វាមិនមែនល្បិច ក្បួនយុទ្ធសាស្ត្រ បច្ចេកទេសប្រកួត តែជាការរៀបចំផ្លូវចិត្តយ៉ាងល្អទៅដល់កូនក្រុម។ ទាំងអស់នេះហើយដែលធ្វើឲ្យ Barcelona ហៅមិនលឺនៅ Anfield។

លោក Klopp បានឲ្យដឹងថា៖ «ជាមួយនឹងក្រុមផ្សេងទៀត ខ្ញុំនឹងមិនគិតថា វាអាចទៅរួចឡើយ។ ពួកគេពិតជាយក្សផ្នែកស្មារតីមែន។ វាជារដូវកាលដ៏មិនគួរឲ្យជឿដែលយើងមាន ជាការប្រកួតដ៏មិនគួរឲ្យជឿដែលយើងមាន និងបញ្ហារបួសដែលមិនគួរឲ្យជឿដែលយើងមានពេលនេះ»។ គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «ការឈានទៅប្រកួតលើទីលាន និងការបង្ហាញពីទម្រង់លេងបែបនេះ ពិតជារឿងដ៏មិនគួរឲ្យជឿ។

គ្មាន Roberto Firmino និង Mohamed Salah ក៏គ្មានបញ្ហា ខណៈ Divock Origi ធ្វើបាន ២គ្រាប់ក្នុងតំណែងរបស់ Salah ដែលអវត្តមាន ខណៈ Giorginio Wijnaldum ជាកីឡាករបម្រុងដូរចូលនៅវគ្គទី២ រកបាន 2គ្រាប់ដែរ។ ទោះបីលើកសរសើរក្តី Mourinho បាននិយាយបែបឌឺដងបន្តិចចុងក្រោយថា Liverpool គ្មានពានអ្វីអបអរនឹងគេនៅពេលចប់រដូវកាល បែរមកជាខ្វះមួយជំហ៊ានក្លាយជាជើងឯកអឺរ៉ុប៕

Jurgen Klopp ក្រោយពីលត់ក្រុម Barca យ៉ាងចាស់ដៃត្រូវបានលោក Jose Mourinho សរសើរពេញៗមាត់
អត្ថបទទាក់ទង
