អ្នកគាំទ្រក្លឹប Valencia ត្រូវបានកាមេរ៉ាចាប់បានសកម្មភាពមិនប្រក្រតីមួយលេចឡើងគឺរូបគេបានស្តោះទឹកមាត់សំដៅ ទៅលើខ្សែប្រយុទ្ធ Pierre-Emerick Aubameyang កំលុងពេលដែលកីឡាករអន្តរជាតិហ្គាបុង ប្រារព្ធការអបអរគ្រាប់បាល់ស៊ុតបញ្ចូលទីលើក្រុម ម្ចាស់ផ្ទះ Valencia ក្នុងជំនួបជើងទី២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ ក្របខណ្ឌEuropa League។

កាមេរ៉ារបស់គេហទំព័រកីឡា BT Sport បានចាប់យកសកម្មភាព ដ៏គួរឱ្យខ្ពើមរអើមរបស់អ្នកគាំទ្រម្នាក់ ដែលបានប្រព្រឹត្តទង្វើមិនគួរគប្បី នេះក្រោយពីស៊ុតបាល់បញ្ចូលទីបីគ្រាប់(Hat-trick)កាលពីថ្ងៃព្រហស្បតិ៍និងបញ្ចប់ក្នុងលទ្ធផល Valencia ២:៤ Arsenal។

ក្រុមកាំភ្លើងធំបានឈានចូលវគ្គពាក់ផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Europa League ក្រោយស៊ុតបញ្ចូលទីពីរគ្រាប់នៅជើងទីមួយក្នុងលទ្ធផលផ្តួលក្រុម Valencia ៣-១ នៅលើទឹកដី Emirates ។ សរុបការប្រកួតទាំងពីរជើងគឺValencia ៣:៧ Arsenal។ ដូច្នេះលទ្ធផលនេះបានជួយឱ្យក្លឹបនៅភាគខាងជើងទីក្រុងឡុងដ៍នឹងត្រូវប្រកួត វគ្គផ្តាច់ព្រ័ត្រជាមួយ Chelsea ដែលបានទម្លាក់ Frankfurt ដោយបាល់ប៉េណាំងទីនៅទីក្រុងបាគូប្រទេសអាសែប៊ែហ្សង់នាខែមិថុនាខាងមុខ។

អ្នកចាត់ការទូទៅក្រុម Arsenal លោក Unai Emery បាននិយាយថា: ខ្ញុំមានមោទនភាពខ្លាំងណាស់ចំពោះកីឡាករនិងអ្នកគាំទ្រនិងក្លឹបទាំងមូល។លោក Emery មានប្រវត្តិដឹកនាំ Sevilla ឈ្នះ Europa league ៣ដង បន្ថែមថា: ការប្រកួតកន្លងមកគឺសម្រាប់ជាបទពិសោធន៏ហើយអាចប្រើបាននៅពេលបច្ចុប្បន្ន។ វាលំបាកណាស់ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រហើយយើងបានដណ្តើមយកឱកាសរបស់យើងនៅថ្ងៃនេះដោយយើងរីករាយ។វាលំបាកណាស់ក្នុងការស៊ុតបាល់បញ្ចូលទីចំនួន ៤គ្រាប់ប្រឆាំងនឹងម្ចាស់ផ្ទះពីព្រោះពួកគេមានការរៀបចំយ៉ាងល្អ។