រឿងរ៉ាវភ្ញាក់ផ្អើលកាលពី ៤ឆ្នាំមុនកំលុងពេលអ្នកចាំទី Petr Cech បច្ចុប្បន្នលេងអោយក្រុមកាំភ្លើងធំ Arsenal បានផ្លាស់ប្តូរអាជីពលេងពីកីឡាដ្ឋាន Stamford Bridge របស់ក្រុម Chelsea ទៅកាន់ឱ្យគូប្រជែងនៅទីក្រុងឡុងដ៍របស់ពួកគេក្នុងឆ្នាំ២០១៥ នៅកិច្ចសន្យាព្រមព្រៀងនាថ្ងៃទី២៩ ខែមិថុនាឆ្នាំ ២០១៥ ក្នុងតម្លៃ ១០លានផោន។ យ៉ាងណាមិញកីឡាករជើងចាស់អន្តរជាតិសាធារណរដ្ឋឆេករូបនេះទើបតែបង្ហើបប្រាប់អោយដឹងកាលពីពេលថ្មីៗនេះថាៈ ម្ចាស់ក្លឹប Chelsea គឺលោកមហាសេដ្ឋីសញ្ជាតិរុស្សីលោក Roman Abramovich មិនចង់ឱ្យរូបគេផ្លាស់ទៅកាន់កីឡាដ្ឋាន Emirates Stadium នោះទេ។

រំលឹកដល់ពេលនោះក្រោយពីបញ្ចប់ការខ្ចីជើងនៅ Atletico Madrid អ្នកចាំទីអន្តរជាតិបែលហ្សិក Thibaut Courtois បានក្លាយកីឡាករជម្រើសទី១ របស់ Chelsea និងធ្វើអោយការបង្ហាញខ្លួនរបស់ Petr Cech ក្នុងឆ្នាំ២០១៥ ជាមួយក្រុមបានថមថយចុះធ្លាក់មកជម្រើសបន្ទាប់។

ថ្លែងនៅក្នុងសន្និសីទកាសែតមួយនៅមុនពេលជំនួបជើងទី២ ក្របខណ្ឌ Europa League រវាងម្ចាស់ផ្ទះ Valencia អ្នកចាំទី វ័យ ៣៦ឆ្នាំរូបនេះបានប្រាប់អោយដឹងបន្តថាៈ លោក Abramovich មិនចង់ឱ្យខ្ញុំចូលរួមជាមួយ Arsenal នោះទេ។ គាត់មិនសប្បាយចិត្តហើយក៏ មិនចង់ឃើញខ្ញុំពាក់អាវឯកសណ្ឋានក្រុម Arsenal នោះដែរ។

ប៉ុន្តែគាត់ដឹងថាខ្ញុំបានធ្វើអ្វីគ្រប់យ៉ាងសម្រាប់ក្លឹបរបស់គាត់ដោយបង្ហាញពីហេតុផលដូច្នេះ គាត់យល់ហើយបានបិទភ្នែកនិងនិយាយថា: យល់ព្រមអ្នកអាចទៅបាន។ ពេលនោះខ្ញុំមិនមានអារម្មណ៏ស្រស់ស្រាយហើយធ្វើការសម្រេចិត្តចាកចេញព្រោះខ្ញុំមិនចង់បង្ហាញខ្លួននៅជម្រើសទី២។