ក្រុមហង្សក្រហម ​Liverpool ដែលបង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីយកឈ្នះលើ Barcelona និងត្រូវជួបជាមួយ​ Tottenham Hotspur ត្រូវ​បាន​ផ្តល់​សិទ្ធិ​លក់​សំបុត្រ​ឲ្យ​អ្នកគាំទ្រ​របស់​ខ្លួន​ម្ខាង 16613សន្លឹក​សំរាប់​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ UEFA Champions League នៅ​ទីក្រុង Madrid​។

​​Liverpool ទើបតែ​បាន​បង្ហាញ​តំលៃ​សំបុត្រ​ សំរាប់​លក់​ដល់​អ្នកគាំទ្រ​របស់​​ខ្លួន ខណៈ​ដែល​តំលៃ​ថោក​បំផុត​គឺ 60ផោន​មាន 20% ខណៈ​តំលៃ​សំបុត្រ​ផ្សេង​ទៀត​មាន 154ផោន 54% តំលៃ 385 ផោន​មាន 21% និង 513 ផោន​មាន 5%​។ ​ចំណែក Tottenham Hotspur គេ​មិនទាន់​ឃើញ​មាន​ប្រកាស​តំលៃ​សំបុត្រ​របស់​ខ្លួន​នៅឡើយ​។​ ​UEFA បាន​លក់​ចេញ​ហើយ​សំបុត្រ​ចំនួន 4000សន្លឹក​ទៅ​អ្នកគាំទ្រ​ជុំវិញ​ពិភពលោក​ សំរាប់​ការប្រកួត​ដែល​នៅ​កីឡដ្ឋាន Wanda Metropolitano​ របស់ Atletico Madrid ដែល​ផ្ទុក​ទស្សនិកជន​បាន 68000នាក់​។

​​សំបុត្រ​នៅសល់​ពី​ការបែងចែក​ខាងលើ រួមមាន​ផ្តល់​គណៈកម្មការ​រៀបចំផ្តល់​សំរាប់ UEFA សមាគម​បាល់ទាត់ ប្រទេស​ផ្សេងៗ ដៃគូ​ពាណិជ្ជកម្ម និងក្រុមហ៊ុន​ផ្សាយ​ផ្ទាល់​ជាដើម​។ ​រំលឹក​ថា ​នេះ​ជា​រដូវ​កាល​ទី​ពីរ​ហើយ​ដែល​ហង្ស​ក្រហម Liverpool ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ ​បន្ទាប់ពី​ឆ្នាំមុន​នៅ​ទីក្រុង Kiev ប្រទេស​អ៊ុយ​ក្រែ​ន​ដែល​ចាញ់ Real Madrid 3-1 នោះ Liverpool លក់​សំបុត្រ​មាន​តំលៃ​ពី 61ផោន​ដល់ 394ផោន​៕