ព្រឹត្តិការណ៍​បាល់ទាត់​ក្រប​ខណ្ឌ​ក្លិប​អាជីព​អឺរ៉ុប UEFA Champions League នឹង​រក​ឃើញ​ជើងឯក​រដូវ​កាល​នេះ​នៅ​ថ្ងៃ​ទី​១ ខែ​មិថុនា​ខាងមុខ ដែល​នឹង​ធ្វើ​នៅ​កីឡដ្ឋាន Wanda Metropolitano ​របស់​ក្លិប Atletico Madrid ទីក្រុង Madrid ប្រទេស​អេ​ស្ប៉ា​ញ​។

​​កីឡដ្ឋាន​ដែល​ជា​ទឹកដី​របស់ Atletico Madrid មួយ​នេះ​អាច​ផ្ទុក​ទស្សនិកជន​បាន 68000នាក់ ទើប​បើក​សម្ពោធ​កាលពី​រដូវ​កាល ២០១៧-១៨ ក្រោម​ការ​វិនិយោគ​សាង​សង់​កែច្នៃ​ឡើង​វិញ ​ដោយ​ក្រុមហ៊ុន​ចិន Wanda Group ចំណាយ​អស់​ថវិកា​ប្រមាណ ២៤០លាន​អឺរ៉ូ​។ ​ប្រព័ន្ធ​សុវត្ថិភាព​ត្រូវ​បាន​រឹត​បន្តិច​ទ្វេ​រ​ដង ​សំរាប់​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ថ្ងៃ​ទី​១ ដើមខែ​ក្រោយនេះ ធានា​ឲ្យ​បាន​សុខ​សុវត្ថិភាព​ភ្ញៀវ​ទេសចរ និង​អ្នក​គាំទ្រ​មកពី​ជុំវិញ​ពិភព​លោក ជាពិសេស​អ្នកគាំទ្រ​មកពី​ប្រទេស​អង់គ្លេស​។

Liverpool និង Spurs ត្រូវ​បាន​ផ្ដល់​សិទ្ធិ​លក់​សំបុត្រ​ឲ្យ​អ្នកគាំទ្រ​របស់​ខ្លួន​ម្ខាង 16613សន្លឹក​សំរាប់​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ UEFA Champions League នៅ​ទីក្រុង Madrid។ ​​ហង្សក្រហម ទើបតែ​បាន​បង្ហាញ​តំលៃ​សំបុត្រ​ សំរាប់​លក់​ដល់​អ្នកគាំទ្រ​របស់​ខ្លួន ខណៈ​ដែល​តំលៃ​ថោក​បំផុត​គឺ 60ផោន​មាន ២០% ខណៈ​តំលៃ​សំបុត្រ​ផ្សេង​ទៀត​មាន 154ផោន ៥៤% តំលៃ ៣៨៥ផោន​មាន ២១% និង ៥១៣ផោន​មាន ៥%​។

​​UEFA បាន​លក់​ចេញ​ហើយ​សំបុត្រ​ចំនួន ៤០០០សន្លឹក​ទៅ​អ្នក​គាំទ្រ​ជុំវិញ​ពិភពលោក​ សំរាប់​ការ​ប្រកួត​ដែល​នៅ​កីឡដ្ឋាន Wanda Metropolitano ​របស់ Atletico Madrid ដែល​ផ្ទុក​ទស្សនិកជន​បាន ៦៨០០០នាក់​។ ​សំបុត្រ​នៅសល់​ពី​ការបែងចែក​ខាងលើ រួមមាន​​គណៈកម្មការ​រៀបចំ​សំរាប់ UEFA, សមាគម​បាល់​ទាត់​ប្រទេស​ផ្សេងៗ ដៃគូ​ពាណិជ្ជកម្ម និង​ក្រុមហ៊ុន​ផ្សាយ​ផ្ទាល់​ជាដើម​។ ​រំលឹក​ថា​ នេះ​ជា​រដូវ​កាល​ទី​២ ​ហើយ​ដែល​ Liverpool ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ ​បន្ទាប់ពី​ឆ្នាំមុន​នៅ​ទីក្រុង Kiev ប្រទេស​អ៊ុយ​ក្រែ​ន​ដែល​ចាញ់ Real Madrid ៣-១ នោះ Liverpool លក់​សំបុត្រ​មាន​តំលៃ​ពី ៦១ផោន​ដល់ ៣៩៤ផោន​៕