Patrice Evra បានលើកឡើងថាលុយគឺជាចំនុចទាក់ទាញទឹកចិត្តសម្រាប់កីឡាករ Alexis Sanchez ផ្លាស់មក Manchester United ជំនួសឱ្យការទៅលេងនៅ Manchester City ។ កីឡាករខ្សែបម្រើ-ប្រយុទ្ធរូបនេះបានផ្លាស់ពីក្រុមកាំភ្លើងធំ Arsenal មកកីឡាដ្ឋាន Old Trafford នៅខែមករាឆ្នាំ ២០១៨ និងជាមួយប្រាក់ពលកម្មនឿយហត់ ៥00,000 ផោនក្នុងមួយសប្តាហ៍។

ទោះបីជាយ៉ាងណា Sanchez បានធ្លាក់ទម្រង់លេងខ្លាំងគឺស៊ុតបញ្ចូលទីមួយគ្រាប់ប៉ុណ្ណោះក្នុងការបង្ហាញខ្លួនចំនួន ២០ ប្រកួតនៅក្របខ័ណ្ឌ Premier League ហើយបានរងរបួសក្នុងលទ្ធផលស្មើ ១-១ ជាមួយនឹងក្រុម Huddersfield ដែលត្រូវកាត់ទៅលេងនៅក្របខណ្ឌ Champion Ship។ សរុបមកកីឡាករអន្តរជាតិឈីលី បានរកគ្រាប់បាល់បានត្រឹមតែ ៥ គ្រាប់ប៉ុណ្ណោះក្នុងការបង្ហាញខ្លួន ៤៥ប្រកួត ក្នុងរយៈពេល ១៦ ខែចុងក្រោយ។

ក្នុងបទសម្ភាសន៍ជាមួយអតីតខ្សែការពារស្តាំ Gary Neville ក្នុងកម្មវិធីទូរទស្សន៏កីឡា Sky Sports អតីតខ្សែការពារឆ្វេង Evra របស់ក្រុម Man.United បាននិយាយថា: ប្រាក់ឈ្នួលពលកម្មគឺជាមូលហេតុចម្បង ដែលធ្វើអោយ Sanchez សម្រេចមក ទីនេះ ។ អតីតកីឡាករអន្តរជាតិបារាំងរូបនេះបន្តថាៈ អ្នកលេងខ្លះមកដើម្បីតែ លុយហើយខ្ញុំមិនខ្លាចនិយាយទេ។

ខ្ញុំមិនចង់ និយាយអ្វី ប្រឆាំងនឹងគាត់ទេប៉ុន្តែ នៅពេលខ្ញុំបានឃើញកិច្ចព្រមព្រៀងនោះហើយជាពេលដែលខ្ញុំគិតថាប្រវត្តិសាស្រ្ត Manchester United បានធ្លាក់ចុះ។ គាត់មានក្រុម Manchester City ផ្តល់ប្រាក់ឈ្នួលតិចជាង ប៉ុន្តែគាត់នឹងអាចអភិវឌ្ឃខ្លួនប្រសើរ ជាង Man United ហើយលោក Guardiola ក៏នឹងធ្វើអោយគាត់បានរីកចំរើន។ ទីបំផុតអតីតកីឡាករក្រុម Juventus និង Marseille បន្តថាៈ លោក (Sanchez) កុំប្រាប់ខ្ញុំថា Manchester United ជាក្តីស្រម៉ៃតាំងពីនៅវ័យកុមារអោយសោះ ។