​​ បន្ទាប់ពីដឹកនាំក្លឹបមេឃខៀវ Manchester City ការពារតំណែងជើងឯកក្របខ័ណ្ឌ Premier League បានសម្រេចកាលពីសប្តាហ៏មុន លោក Pep Guardiola ត្រូវបានជាប់ឈ្មោះជាគ្រូបង្វឹកឆ្នើមរបស់ក្របខ័ណ្ឌ English Premier League ប្រចាំឆ្នាំ (English Premier League manager of the season) ក្នុងពិធីប្រគល់ពានរង្វាន់មួយ ដែលរៀបចំឡើងដោយសមាគមអ្នកចាត់ការទូទៅក្រុមនៅលីកកំពូលអង់គ្លេស ។

លោក Guardiola បានផ្តួលគូប្រជែង Jurgen Klopp អ្នកចាត់ការ Liverpool និងលោក Mauricio Pochettino របស់ក្រុម Tottenham ព្រមទាំងលោក Nuno Espirito Santo របស់ក្រុម Wolves ដើម្បីដណ្តើមតំណែងជាអ្នកគ្រប់គ្រងល្អបំផុតប្រចាំរដូវកាលជាលើកទី២ ។ Man.City បានឈ្នះពានក្របខណ្ឌ Premier League ក្រោយវ៉ាហង្សក្រហម Liverpool តែមួយពិន្ទុក្រោយពីទទួលបានពិន្ទុសរុប ៩៨ ខណៈ Liverpool ៩៧ និងតិចជាងរដូវកាល ចាស់ ត្រឹមតែ២ពិន្ទុប៉ុណ្ណោះសម្រាប់ក្រុម Man.CIty ។

ក្រោយពីបានទទួលពានរង្វាន់នេះលោក Guardiola បានថ្លែងអំណរគុណដល់ ក្លឹបទាំងមូលថា: ខ្ញុំមានកិត្តិយសណាស់ក្នុងការទទួលបានពានរង្វាន់នេះហើយខ្ញុំចង់ចែករំលែកវាជាមួយកីឡាករ របស់ខ្ញុំព្រោះពួកគេគឺជាធនធានមិនអាចខ្វះបាន និងជាពិសេសអ្វីៗគ្រប់យ៉ាងចំពោះបុគ្គលិករបស់ខ្ញុំរាល់ការខិតខំប្រឹងប្រែងដើម្បីការប្រកួតប្រជែងនេះ ។