Jack Marriott បានស៊ុតបាល់បញ្ចូលទី២គ្រាប់ ខណៈដែលរូបគេបានបំពេញការជួយសង្គ្រោះមួយ ដែលនាំឲ្យក្រុម Derby County ផ្តួលក្រុម Leeds United ក្នុងលទ្ធផល ៤-២ កាលពីថ្ងៃពុធ ដើម្បីឈ្នះទាំង២ជើងក្នុងលទ្ធផល ៤-៣ និងឈានទៅកាន់ការប្រកួតក្របខ័ណ្ឌ Championship វគ្គ play-off ជុំផ្តាច់ព្រ័ត្រ។

លោក Frank Lampard អតីតខ្សែបម្រើអន្តរជាតិអង់គ្លេស និងក្លិប Chelsea បច្ចុប្បន្ន នៅសល់ត្រឹមតែការប្រកួតតែ១លើកទៀតប៉ុណ្ណោះ ដើម្បីបំពេញការដឹកនាំឲ្យក្រុម Derby ទៅកាន់ក្របខ័ណ្ឌ Premier League ក្នុងរដូវកាលទី១របស់លោកក្នុងនាមជាអ្នកចាត់ការទូទៅម្នាក់ ខណៈដែល Aston Villa គឺជាគូប្រកួតរបស់ពួកគេ នាកីឡដ្ឋាន Wembley នៅថ្ងៃទី២៧ ខែឧសភា។

ក្រុម Leeds ដែលបាននាំមុខ ១-០ រួចជាស្រេចពីការប្រកួតជើងទី១នោះ បានស៊ុតបាល់បញ្ចូលទីមុន នៅពីមុខអ្នកគាំទ្ររបស់ពួកគេនាកីឡដ្ឋាន Elland Road កាលពីថ្ងៃពុធ។ ប៉ុន្តែ គ្រាប់បាល់បញ្ចូលទីជាលើកទី១របស់ Marriott នៅមុនពេលបញ្ចប់តង់ទី១ បានជួយឲ្យក្រុម Derby វិលទៅកាន់ការប្រជែងវិញ ហើយរូបគេបានកាត់សេចក្តីក្នុងការប្រកួតមួយ ដែលបានបញ្ចប់ដោយក្រុមទាំង២សុទ្ធសឹងនៅសល់សមាជិក១០នាក់ដូចគ្នា តាមរយៈការស៊ុតបាល់បញ្ចូលទីម្តងទៀត នៅរយៈពេល៥នាទីចុងក្រោយ។

ការដណ្តើមបានជ័យជម្នះរបស់ក្រុម Derby ពិតជាលទ្ធផលដ៏គួរឲ្យចាប់អារម្មណ៍ ខណៈដែលក្រុម Lampard បានបញ្ចប់ដោយស្ថិតក្នុងចំណាត់ថ្នាក់លេខ៦ ដែលជាចំណាត់ថ្នាក់ចុងក្រោយគេសម្រាប់ការឈានទៅប្រកួតក្នុងវគ្គ Playoff។ លោក Lampard បានប្រាប់ទូរទស្សន៍ Sky Sports ថា៖ «ខ្ញុំបាននិយាយទៅកាន់កីឡាករថា គ្រប់គ្នាបានមើលស្រាលលើពួកយើង។ យើងត្រូវការឲ្យកីឡាករទាំងអស់បង្ហាញពីភាពក្លាហាន លើការលេងបាល់ ហើយពួកគេធ្វើបាន»៕
ប្រភពព័ត៌មាន៖ Channel News Asia