គ្រូបង្វឹក Real Madrid ចង់ធ្វើការផ្លាស់ប្តូរក្រុមក្នុងឈុតធំមួយនៅរដូវក្តៅនេះខណៈលោក Zinedine Zidane អ្នកចាត់ការទូទៅរូបនេះបានផ្តោតចំណាប់អារម្មណ៏ លើខ្សែបម្រើ Paul Pogba របស់ក្រុម Manchester United ក្នុងគោលបំណងចុះហត្ថលេខានាំយករូបគេមកពង្រឹងតំបន់ខ្សែបម្រើរបស់ក្រុមឡើងវិញ។ Pogba ខ្លួនឯងក៏ត្រូវបានគេរាយការណ៍ថាមានការចាប់អារម្មណ៍ផងដែរចំពោះការផ្លាស់ប្តូរនេះដោយផ្អែកលើពាក្យសម្ដីរបស់គាត់បានព្រលយពាក្យក្នុងបទសម្ភាសន៏កាលពីពេលថ្មីៗនេះ។

ទោះបីជាយ៉ាងនេះក្តី ខ្សែការពារ Sergio Ramos និងជាប្រធានក្រុម Real Madrid បានចេញមុខប្រឆាំងនឹងគោលបំណងចុះហត្ថលេខានាំយកកីឡាករម្ចាស់ជើងឯកពិភពលោក World Cup ២០១៨ រូបនេះនិងមានបំណង ចង់អោយគ្រូបង្វឹកលោក Zidane ចុះហត្ថលេខានាំយកខ្សែបម្រើ Christian Eriksen ពីក្លិប Tottenham Hotspur ជំនួសវិញ។

យោងគេហទំព័រ Diario Gol បានចុះផ្សាយថាខ្សែការពារឆ្នើមរបស់ក្រុមអធិរាជស Real Madrid មិនពេញចិត្តចំពោះការសម្រេចចិត្តរបស់ក្លឹបក្នុងការនាំយកកីឡាករក្រុម Manchester United ទៅកាន់ទឹកដី Santiago Bernabeu។ លើសពីនេះទៀតភ្នាក់ងារព័ត៌មានអេស្ប៉ាញខាងលើបានរាយការណ៍បន្ថែមទៀតថាកីឡាករសញ្ជាតិអេស្ប៉ាញ Ramos រូបនេះមានការគាំទ្រយ៉ាងច្រើនពីសំណាក់ប្រធានក្លិប Real Madrid លោក Florentino Perez ក៏ពេញចិត្តនឹងកីឡាករ Christian Eriksen ផងដែរ។

លោក Perez ជឿជាក់ថា Eriksen នឹងមានតំលៃសមរម្យស្របពេលកិច្ចសន្យា នាពេលបច្ចុប្បន្នរបស់គាត់ជាមួយក្រុម Tottenham និងបញ្ចប់នៅខែមិថុនា ឆ្នាំ2020។ ផ្ទុយទៅវិញកិច្ចសន្យារបស់ Paul Pogba បញ្ចប់ត្រឹមតែនៅចុងឆ្នាំ ២០២១ ហើយគាត់ក៏ជាប់ពាក់ព័ន្ធនឹងតម្លៃប្រាក់ឈ្នួលច្រើននិងបញ្ហាពាក់ព័ន្ធផ្សេងទៀត។ ដោយសារតែហេតុផលនេះ ក្លឹប Real Madrid ក៏អាចនឹងបង្វែរគោលដៅផ្ទេរយក Eriksenអតីតតារាក្រុម Ajax ដូចដែល Diario Gol បានចុះផ្សាយ។