ក្រុម Lazio បានលើកពាន Coppa Italia ជាលើកទី៧ កាលពីថ្ងៃពុធ ក្រោយពីគ្រាប់បាល់ស៊ុតបញ្ចូលទីនៅជិតបញ្ចប់ការប្រកួតពីសំណាក់កីឡាករ Sergej Milinkovic-Savic និង Joaquin Correa បានជួយឲ្យពួកគេយកឈ្នះលើក្រុម Atalanta ២-០ នៅរាត្រីប្រកួតដ៏ស្វិតស្វាញក្នុងទីក្រុងរ៉ូម។

ការតែតបាល់បញ្ចូលទីយ៉ាងល្អពីសំណាក់កីឡាករ Milinkovic-Savic បានជួយឲ្យក្រុម Lazio ស្ថិតលើផ្លូវក្នុងការឈ្នះពាន នៅរយៈពេល៨នាទីចុងក្រោយនាកីឡដ្ឋាន Stadio Olimpico ក្រោយពីបានចូលលេងត្រឹមតែប៉ុន្មានវិនាទី នៅមុនពេល Correa បំពេញជ័យជម្នះសម្រាប់ក្រុមខ្លួននៅជិតបញ្ចប់ការប្រកួត។

វាជាលើកទី៧ហើយដែលក្រុម Lazio បានឈ្នះក្នុងយុទ្ធនាការនេះ និងជាការឈ្នះពានជាលើកទី១របស់ពួកគេ បើគិតចាប់តាំងពីឆ្នាំ២០១៣ ខណៈដែលការដណ្តើមបានជ័យជម្នះនេះ ក៏បានបញ្ចប់ការគ្រប់គ្រងអស់រយៈពេល៤ឆ្នាំរបស់ក្រុម Juventus លើពានក្នុងស្រុកផងដែរ។​ ជ័យជម្នះនេះ ក៏បានជួយឲ្យក្រុម Lazio ទទួលបានកៅអីទៅលេងក្នុងក្របខ័ណ្ឌ Europa League វគ្គចែកពូលនៅរដូវកាលក្រោយផងែរ។ លោក Simone Inzaghi គ្រូបង្វឹករបស់ក្រុម Lazio បានប្រាប់កាសែត Rai ថា៖ «វាជារាត្រីដ៏អស្ចារ្យមួយនៅពីមុខអ្នកគាំទ្រដ៏អស្ចារ្យ។

យើងមានការប្រកួតដ៏អស្ចារ្យមួយ ប៉ុន្តែ ក៏សូមអបអរដល់ក្រុម Atalanta ផងដែរ ខណៈដែលវាជាការប្រកួតដ៏លំបាកដែលដូចនឹងក្របខ័ណ្ឌ Serie A ដែរ ហើយពេលនេះ យើងធ្វើបានយ៉ាងល្អ»។ លោកបានបន្ថែមទៀតថា៖ «ខ្ញុំបានប្រាប់កីឡាករថា អ្នកដែលស្ថិតក្នុងនាមជាកីឡាករបម្រុង មានសារៈសំខាន់ជាងអ្នកដែលចូលលេងក្នុងជម្រើសទាំង១១នាក់ដំបូងទៅទៀត។ ខ្ញុំពេញចិត្ត ខណៈដែលយើងមានកំណត់ត្រាយ៉ាងល្អក្នុងពាន Coppa Italia នេះ»៕