អ្នកគាំទ្ររបស់ក្រុម Liverpool និង Tottenham កំពុងតែអំពាវនាវឲ្យម្ចាស់ឧបត្ថម្ភ ឲ្យចែកសំបុត្រដើម្បីចូលរួមទស្សនាការប្រកួតក្របខ័ណ្ឌ Champions League មួយចំណែក ហេតុនេះ អ្នកគាំទ្រកាន់តែច្រើន អាចចូលរួមទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្ររវាងក្រុមអង់គ្លេសដូចគ្នាក្នុងទីក្រុងម៉ាឌ្រីដ នៅខែក្រោយនេះ។

ក្លិបទាំង២ បានទទួលសំបុត្រចំនួន១៦៦០០សន្លឹកដូចគ្នា សម្រាប់ការប្រកួតថ្ងៃទី១ ខែមិថុនា នាកីឡដ្ឋាន Wanda Metropolitano ដែលអាចផ្ទុកអ្នកទស្សនាបានសរុបចំនួន៦៣៥០០នាក់ សម្រាប់វគ្គផ្តាច់ព្រ័ត្រ ដែលមានន័យថា តម្រូវការពិតជាធំជាងនេះ។ សំបុត្រប្រមាណជា២២៣០០សន្លឹក ត្រូវបានប្រគល់ទៅឲ្យគណៈកម្មការរៀបចំក្នុងប្រទេសអេស្ប៉ាញ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប និងសហព័ន្ធជាតិ ដៃគូពាណិជ្ជកម្ម និងបណ្តាញផ្សព្វផ្សាយ។

ក្រុមអ្នកគាំទ្ររបស់ Liverpool ឈ្មោះថា Spirit of Shankly (SOS) និងអ្នកគាំទ្ររបស់ក្រុម Tottenham Hotspur ឈ្មោះថា Supporters’ Trust (THST) បានស្នើឲ្យម្ចាស់ឧបត្ថម្ភ ពិចារណាទៅលើការផ្តល់សំបុត្រដល់អ្នកគាំទ្រ ដែលនឹងអវត្តមានសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ។

អ្នកគាំទ្ររបស់ក្លិបទាំង២បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយថា៖ «ក្រុមអ្នកគាំទ្រ Spirit of Shankly and Tottenham Hotspur Supporters’ Trust ដែលជាក្រុមអ្នកគាំទ្រឯករាជ្យដែលទទួលស្គាល់ជាផ្លូវការ កំពុងតែអំពាវនាវឲ្យម្ចាស់ឧបត្ថម្ភធំរបស់ក្របខ័ណ្ឌ UEFA Champions League ចែកសំបុត្រមួយផ្នែក ដែលពួកគេទទួលបានសម្រាប់ការប្រកួតក្របខ័ណ្ឌ Champions League វគ្គផ្តាច់ព្រ័ត្រ ដើម្បីផ្តល់ទៅឲ្យអ្នកគាំទ្ររបស់ក្លិបទាំង២»៕
ប្រភពព័ត៌មាន៖ Channel News Asia