ប្រទេសកាតា បានបើកសម្ភោធកីឡដ្ឋានដ៏ប្រណិតជាលើកដំបូងរបស់ពួកគេសម្រាប់ព្រឹត្តិការណ៍ World Cup ឆ្នាំ២០២២ កាលពីថ្ងៃព្រហស្បតិ៍ តាមរយៈការរៀបចំការប្រកួតដណ្តើមពានក្នុងស្រុកវគ្គផ្តាច់ព្រ័ត្រ ដ៏មានកិត្យានុភាព នៅកីឡដ្ឋាន Al-Wakrah ដែលមានតម្លៃជាទឹកប្រាក់៥៧៥លានដុល្លារអាមេរិក។

ទីលាននេះ ដែលត្រូវបានរចនាឡើងដោយស្ថាបត្យករសញ្ជាតិអង់គ្លេស-អ៊ីរ៉ាក់ Zaha Hadid និងមានទីតាំងស្ថិតក្នុងទីក្រុងកោះ ភាគខាងត្បូងនៃទីក្រុងដូហា បានបង្កើតឲ្យមានសំឡេងអបអរផ្សេងៗ ក្នុងពេលក្រុម Al-Sadd និង Al-Duhail បានរត់ទៅលើទីលាន ក្នុងការប្រកួតពាន Emir Cup វគ្គផ្តាច់ព្រ័ត្រ។ ចរាចរណ៍ផ្សេងៗ បានស្ទះ និងមានការរឹតបណ្តឹងផ្នែកសន្តិសុខ ក្នុងពេលកីឡដ្ឋាននេះ បានបើកទ្វារទទួលអ្នកគាំទ្រ ដែលស្ទើរតែបានបំពេញកៅអីអង្គុយភ្លាមៗ នៅមុនពេលចាប់ផ្តើមប្រកួត។

លោក Yousef al-Jaber វ័យ៣៥ឆ្នាំ ដែលជាអ្នកស្រាវជ្រាវម្នាក់ឲ្យក្រុមហ៊ុនប្រេងមកពីទីក្រុងដូហា បានឲ្យដឹងថា៖ «ខ្ញុំបានធ្វើដំណើរទូទាំងពិភពលោក ហើយខ្ញុំបានធ្វើដំណើរទៅកាន់កីឡដ្ឋានជាច្រើន ក្នុងទីក្រុងផ្សេងៗ ក្នុងនោះរាប់បញ្ចូលទាំងចក្រភពអង់គ្លេស ផងដែរ»។

អ្នកគាំទ្ររបស់ក្លិប Chelsea រូបនេះ ដែលបានទស្សនាការប្រកួតជាមួយនឹងភរិយា និងកូនប្រុសទាំង២របស់លោកនោះ បានបន្ថែមទៀតថា៖ «ទីបំផុត ខ្ញុំអាចធ្វើដំណើរទៅកាន់កីឡដ្ឋានមួយក្នុងប្រទេសកាតា ដែលជាកីឡដ្ឋានកម្រិតពិភពលោក។ វាជាកីឡដ្ឋានមួយក្នុងចំណោមកីឡដ្ឋានដ៏ប្រណិត ហើយវាពិតជាការរចនាដ៏ត្រចះត្រចង់។ Al-Wakrah គឺជាទីក្រុងកោះ ហើយស្ថាបត្យកម្មពិតជាអស្ចារ្យណាស់»៕
ប្រភពព័ត៌មាន៖ Channel News Asia