លោក Niko Kovac គ្រូបង្វឹករបស់ក្រុម Bayern Munich និងលោក Lucien Favre គ្រូបង្វឹករបស់ក្រុម Borussia Dortmund សុទ្ធសឹងត្រូវជួបការប្រកួតដ៏គួរឲ្យចងចាំមួយនៅថ្ងៃសៅរ៍នេះ ខណៈដែលក្របខ័ណ្ឌ Bundesliga ត្រៀមបញ្ចប់រដូវកាលដ៏រំភើប និងស្វិតស្វាញបំផុតមួយរបស់ខ្លួន ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។

ទាំងលោក Kovac និងលោក Favre នឹងត្រូវជួបអតីតក្លិបរបស់ខ្លួន នៅថ្ងៃប្រកួតចុងក្រោយដ៏រំភើប ស្របពេលដែលការប្រជែងពាន នឹងត្រូវបន្តរហូតដល់ចុងសប្តាហ៍ចុងក្រោយនៃរដូវកាលនេះ ជាលើកទី១ បើគិតចាប់តាំងពីឆ្នាំ២០១០។ ប៉ុន្តែ បច្ចុប្បន្នក្រុម Bayern កំពុងតែនាំមុខ២ពិន្ទុដាច់លើក្រុម Dortmund និងអាចឈ្នះពានក្របខ័ណ្ឌលីកជាលើកទី៧ជាប់ៗគ្នា ប្រសិនបើពួកគេគេចផុតពីការរងបរាជ័យនៅលើទឹកដីខ្លួនឯង ក្នុងពេលប្រកួតជាមួយនឹងក្រុម Eintracht Frankfurt ដែលជាអតីតក្រុមរបស់លោក Kovac នៅថ្ងៃសៅរ៍នេះ។

ស្របពេលជាមួយគ្នានេះ ក្រុម Dortmund នឹងធ្វើដំណើរទៅកាន់ទឹកដីក្រុម Borussia Moenchengladbach ដែលជាអតីតក្លិបរបស់លោក Favre ដោយដឹងថា ពួកគេអាចឈ្នះពាន លុះត្រាតែពួកគេទទួលជ័យជម្នះ ហើយក្រុម Bayern រងបរាជ័យ។

មុននឹងបន្ថែមថា ក្រុម Dortmund ត្រូវតែត្រៀមប្រជែងរហូតដល់ដំណាក់កាលចុងក្រោយក្នុងពេលប្រកួតជាមួយនឹងក្រុម Gladbach ដែលលោក Favre ធ្លាប់បានដឹកនាំនៅចន្លោះឆ្នាំ២០១១ និងឆ្នាំ២០១៥ គ្រូបង្វឹករូបនេះបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ថា៖ «យើងត្រូវតែផ្តោតលើការប្រកួតរបស់យើង»។ លោកបានបន្ថែមទៀតថា៖ «ពួកគេលេងបានយ៉ាងល្អក្នុងពេលវាយសម្រុករហ័ស ប៉ុន្តែ ពួកគេក៏ដាក់សម្ពាធខ្លាំងនៅតំបន់ប្រយុទ្ធផងដែរ ហើយពួកគេក៏ត្រូវតែឈ្នះផងដែរ»៕