លោក Sinisa Mihajlovic គ្រូបង្វឹករបស់ក្រុម Bologna បានកោតសរសើរក្រុមរបស់លោកចំពោះការបង្កើត «អព្ភូតហេតុ» មួយនេះ ដើម្បីរក្សាវត្តមានរបស់ពួកគេក្នុងក្របខ័ណ្ឌកំពូល ក្រោយពីការបញ្ចប់ក្នុងលទ្ធផលស្មើ ៣-៣ នៅលើទឹកដីក្រុម Lazio កាលពីថ្ងៃចន្ទ គ្រប់គ្រាន់សម្រាប់ពួកគេក្នុងការបងន្តលេងក្នុងក្របខ័ណ្ឌ Serie A នៅរដូវកាលក្រោយ។

វាជាការដណ្តើមបាន១ពិន្ទុដ៏សំខាន់មួយសម្រាប់ក្រុម Bologna ដែលត្រូវបានផ្លាស់ប្តូរទម្រង់លេង បើគិតចាប់តាំងពីគ្រូបង្វឹកសញ្ជាតិស៊ែប៊ីលោក Mihajlovic បានចូលកាន់តំណែងជំនួសលោក Filippo Inzaghi ដែលជាប្អូនប្រុសរបស់លោក Simone គ្រូបង្វឹករបស់ក្រុម Lazio កាលពីខែកុម្ភៈ។

លោក Mihajlovic ដែលជាអតីតកីឡាកររបស់ក្រុមជម្រើសជាតិយូហ្គោស្លាវី បានឲ្យដឹងថា៖ «គ្មាននរណាម្នាក់ ឬមានមនុស្សតិចតួចណាស់ដែលជឿជាក់លើយើងក្នុងការបន្តនៅ កាលពីប៉ុន្មានខែមុន»។ លោកបានបន្ថែមទៀតថា៖ «ខ្ញុំជាមនុស្សម្នាក់ក្នុងចំណោមអ្នកដែលមានការជឿជាក់នោះ។ ក្រោយមក ខ្ញុំមានការជឿជាក់កាន់តែច្រើនថា ខ្ញុំបានស្ថិតលើផ្លូវដ៏ត្រឹមត្រូវ ប៉ុន្តែ វានៅតែត្រូវការអភិនិហារតូចមួយ»។

ក្លិបនេះ បានស្ថិតក្នុងចំណាត់ថ្នាក់លេខ១៨ ដោយឈ្នះត្រឹមតែ២លើគត់ពីការប្រកួត២១លើក នៅពេលដែលអតីតគ្រូបង្វឹកនៃក្រុមជម្រើសជាតិស៊ែប៊ី និងជាគ្រូបង្វឹករបស់ក្លិប AC Milan និង Torino រូបនេះ បានចូលកាន់តំណែង ប៉ុន្តែ ចាប់តាំងពីពេលនោះមក ក្រុម Bologna បានឈ្នះ៨ប្រកួត ក្នុងចំណោមការប្រកួត១៦លើក ហើយបច្ចុបុ្បន្ន កំពុងតែស្ថិតក្នុងចំណាត់ថ្នាក់លេខ១២។ លោកបានបន្ថែមទៀតថា៖ «ពេលនេះ យើងមានបំណងបង្កើតលទ្ធផលដ៏ល្អមួយនៅពេលប្រកួតជាមួយនឹងក្រុម Napoli នៅថ្ងៃសៅរ៍»៕
ប្រភពព័ត៌មាន៖ Channel News Asia