​​ ក្រុមម្ចាស់ជើងឯកបារាំង Paris Saint-Germain បានបញ្ជាក់កាលពីថ្ងៃចន្ទថា ខ្សែប្រយុទ្ធឆ្នើម Kylian Mbappe នឹងបន្តនៅជាមួយនឹងក្លិបនេះ នៅរដូវកាលក្រោយ បើទោះបីសមាជិកឈ្នះពាន World Cup រូបនេះ បានបង្ហើបថា រូបគេអាចនឹងចាកចេញក៏ដោយ។

តារាឆ្នើមវ័យ២០ឆ្នាំរូបនេះ បានបញ្ជាក់កាលពីថ្ងៃអាទិត្យថា រូបគេចង់បាន «ការទទួលខុសត្រូវបន្ថែមទៀត» ប្រហែលជានៅជាមួយនឹង PSG ឬប្រហែលជានៅកន្លែងផ្សេង ក្រោយពីឈ្នះពានកីឡាករឆ្នើមប្រចាំឆ្នាំរបស់ក្របខ័ណ្ឌ Ligue 1។ ប៉ុន្តែ PSG បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញសង្គម Twitter ថា៖ «ចំណងមិត្តភាពដ៏រឹងមាំបានធ្វើឲ្យ PSG និង Kylian Mbappe បន្តនៅជាមួយគ្នារយៈពេល២ឆ្នាំ ហេតុនេះ យើងនឹងបន្តនៅនារដូវកាលក្រោយ»។

ក្លិបនេះបានបន្ថែមទៀតថា៖ «វាជាពេលវេលាដ៏ច្បាស់លាស់ក្នុងការបង្កើតកំណត់ត្រា និងប្រវត្តិសាស្ត្ររួមគ្នាសម្រាប់ក្លិបនេះ ដោយកីឡាករសំខាន់ៗនីមួយៗនឹងត្រូវតែចែករំលែក និងធ្វើការជាក្រុមមួយ»។ ការលើកឡើងរបស់ Mbappe កាលពីថ្ងៃអាទិត្យ ហាក់បានបង្ហាញពីការចង់ផ្ទេរចេញពីក្លិប ស្របពេលដែលក្លិប Real Madrid ចង់បានរូបគេទៅកាន់អេស្ប៉ាញ។

Mbappe បានពន្យល់ថា៖ «ខ្ញុំបាននិយាយអ្វីដែលខ្ញុំបាននិយាយ។ នៅពេលដែលអ្នកនៅលើឆាក អ្នកអាចផ្ញើរសារផ្សេងៗ ខ្ញុំគិតថា ខ្ញុំក៏មានសាររបស់ខ្ញុំដែរ។ ប្រសិនបើខ្ញុំនៅតែនិយាយបែបនេះ វានឹងមិនមានន័យច្រើនឡើយ ហើយនោះមិនមែនជាសារ ដែលខ្ញុំចង់ផ្ញើរឲ្យឡើយ»៕
ប្រភពព័ត៌មាន៖ Channel News Asia