តារាឆ្នើម Lionel Messi របស់ក្លិប Barcelona និងខ្សែប្រយុទ្ធ Sergio Aguero ត្រូវបានបញ្ចូលឈ្មោះក្នុងក្រុមកីឡាករទាំង២៣នាក់សម្រាប់យុទ្ធនាការ Copa America។ នេះបើយោងទៅតាមការប្រកាសរបស់លោក Lionel Scaloni គ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន កាលពីថ្ងៃពុធ។

ខ្សែបម្រើស្លាប Angel Di Maria របស់ក្លិប Paris Saint Germain ក៏ត្រូវបានបញ្ចូលក្នុងក្រុមផងដែរ ប៉ុន្តែមិនមានកន្លែងសម្រាប់ខ្សែប្រយុទ្ធ Gonzalo Higuain ដែលកំពុងតែស្ថិតជាកីឡាករកម្ចីនៅឯក្លិប Chelsea ពីក្លិប Juventus ឡើយ។ នៅមុនឈានទៅកាន់យុទ្ធនាការនេះដែលត្រូវបានរៀបចំឡើងដោយប្រទេសប្រេស៊ីល ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១៤ ខែមិថុនា លោក Scaloni បានឲ្យដឹងថា៖ «ទាំងនេះសុទ្ធសឹងកីឡាករដ៏ឆ្នើមបំផុតក្នុងពេលវេលាដ៏សំខាន់សម្រាប់ក្រុមជម្រើសជាតិ»។

ក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន នឹងត្រូវលេងក្នុងពូល B រួមជាមួយនឹងក្រុមជម្រើសជាតិកូឡុំប៊ី ប៉ារ៉ាហ្គាយ និងក្រុមភ្ញៀវកាតា ដែលជាម្ចាស់ផ្ទះ World Cup ឆ្នាំ២០២២ និងជាក្រុមម្ចាស់ជើងឯកប្រចាំទ្វីបអាស៊ី នាពេលបច្ចុប្បន្ន។ Messi ដែលទើបតែបានវិលទៅកាន់ក្រុមជម្រើសជាតិអាហ្សង់ទីនវិញ កាលពីខែមីនា ក្រោយពិការអវត្តមានអស់រយៈពេល៨ខែ បន្ទាប់ពីព្រឹត្តិការណ៍ World Cup នៅរុស្ស៊ីនោះ នឹងឈានចូលវ័យ៣២ឆ្នាំ ក្នុងយុទ្ធនការនេះ។

Di Maria ក៏មិនខុសពី Messi ដែរ ខណៈដែលរូបគេបានវិលទៅកាន់ក្រុមជម្រើសជាតិវិញ បន្ទាប់ពី World Cup កាលពីខែមីនា នៅមុនពេលការប្រកួតមិត្តភាពជាមួយនឹងក្រុមជម្រើសជាតិវ៉េណេស៊ុយអេឡាញ និងម៉ារ៉ុក ប៉ុន្តែ ខ្សែប្រយុទ្ធ Aguero របស់ក្រុម Manchester City មិនទាន់ត្រូវបានកោះហៅឡើយ ចាប់តាំងពីក្រុមជម្រើសជាតិអាហ្សង់ទីន បានរងបរាជ័យក្នុងលទ្ធផល ៤-៣ ក្នុងវគ្គ១៦ក្រុមចុងក្រោយ ក្រោមស្នាដៃក្រុមជម្រើសជាតិបារាំង៕
ប្រភពព័ត៌មាន៖ Channel News Asia