​​​ ក្រុមតោខៀវChelsea ចង់បានវីរបុរស Frank Lampard របស់ពួកគេត្រឡប់មកកាន់កីឡាដ្ឋាន Stamford Bridge ដើម្បីជំនួសតំណែងលោក Maurizio Sarri ជាអ្នកចាត់ការទូទៅ យោងប្រភពពត៌មាននៅប្រទេសអ៊ីតាលីបានចុះផ្សាយ។ យ៉ាងណាមិញសម្រាប់គ្រូបង្វឹកអ៊ីតាលីលោក Sarri ស្ថិតនៅក្នុងបញ្ជីសម្រាំងសម្រាប់ចូលមកដឹកនាំការងារអោយក្រុម Juventus បន្ទាប់ពីគ្រូបង្វឹកលោក Massimiliano Allegri ប្រកាសចាកចេញពីក្លឹបមានមូលដ្ឋាននៅទីក្រុងទូរីនក្រោយចំណាយពេល៧ឆ្នាំ។

សម្រាប់គ្រូបង្វឹក Man.City លោក Pep Guardiola និងលោក Mauricio Pochettino របស់ក្រុម Tottenham ក៏ត្រូវបានទាក់ទងមកកាន់ការងារបង្វឹកក្រុមម្ចាស់ជើងឯក SerieA មួយនេះផងដែរ ប៉ុន្តែសម្រាប់អតីតអ្នកចាត់ការ ក្រុម Napoli គឺលោក Sarri ជាបេក្ខភាពនាំមុខក្រោយពី លោក Guardiola បានបញ្ជាក់ពីជំហរប្តេជ្ញាចិត្តរបស់គាត់បន្តស្នាក់នៅជាមួយ ក្រុម Man City ខណៈពេលលោក Pochettino កំពុងត្រៀមខ្លួនសម្រាប់ការប្រកួត វគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions Leagueស្របពេលកិច្ចសន្យារបស់បុរសសញ្ជាតិអាហ្សង់ទីនរូបនេះមានរយៈពេល ៤ឆ្នាំទៀតជាមួយ Tottenham ដែលហេតុផលទាំងនេះគឺជាឧបសគ្គសម្រាប់ក្រុម Jvuentus។

ជាមួយគ្នានេះផងដែរអតីតគ្រូបង្វឹកក្រុមតោខៀវ Chelsea លោក Antonio Conte ក៏ត្រូវបានលើកឡើងជាចំនុចរំពឹងទុកថានឹងវិលត្រឡប់មកកាន់ទឹកដី Juventus ជាទីកន្លែងដែលរូបលោកបានដឹកនាំក្រុមឈ្នះពានលីកកំពូល ចំនួនបីនៅទីនោះមុនពេលដែលលោក Allegri ត្រូវបានតែងតាំងជាគ្រូបង្វឹក។

ប៉ុន្តែយោងគេហទំព័រ Sportsmail បានចុះផ្សាយកាលពីថ្ងៃច័ន្ទផ្ទុយពីប្រភពខាងលើទៅវិញថា ក្លិបនឹងមិនផ្តោតជាសំខាន់ សម្រាប់ការនាំយកលោក Sarri ច្រើនពេកនោះទេទោះបីជា រូបលោកមានទំនាក់ទំនងមិន ល្អ ជាមួយអ្នកគាំទ្រតោខៀវនិងបានដឹកនាំក្រុមបញ្ចប់រដូវកាលឈរនៅចំណាត់ថ្នាក់ ទីបីនៅក្នុងក្របខ័ណ្ឌ Premier League ក៏ដូចជាត្រៀមការប្រកួតវគ្គផ្តាច់ព្រ័ត្រក្របខ័ណ្ឌ Europa League ជាមួយក្រុម Arsenal នៅចុងខែនេះស្រប ពេល កិច្ចព្រមព្រៀងរបស់គាត់មានរយៈពេល១ឆ្នាំទៀតនៅកីឡាដ្ឋាន Stamford Bridge យ៉ាងណាក៏ដោយ។