ខ្សែបម្រើប្រយុទ្ធដ៏មានឥទ្ធិពល Eden Hazard បានបង្ហាញខ្លួនជាផ្លូវការនាកីឡដ្ឋាន Santiago Bernabeu កាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលអ្នកគាំទ្រប្រមាណជា ៥ម៉ឺននាក់ បានធ្វើដំណើរទៅស្វាគមន៍កីឡាកររូបនេះ ដែលពួកគេសង្ឃឹមថា នឹងបង្កើតយុគសម័យកាលនៃភាពជោគជ័យថ្មី ក្រោមការដឹកនាំរបស់លោក Zinedine Zidane។

Hazard វ័យ ២៨ឆ្នាំ បានទទួលអាវដែលពាក់សម្រាប់ការប្រកួតលើទឹកដីខ្លួនឯងពីលោកប្រធានក្លិប Florentino Perez ភ្លាមៗ ក្រោយពីតារាឆ្នើមអន្តរជាតិបែលហ្ស៊ិករូបនេះ បានធ្វើសេចក្តីប្រកាសដ៏ខ្លីមួយទៅកាន់អ្នកគាំទ្ររបស់ខ្លួន ប៉ុន្តែមិនទាន់មានលេខឡើយ។

Hazard បាននិយាយជាភាសាអេស្ប៉ាញ ដើម្បីបើកកម្មវិធី និងដើម្បីបង្កើតឲ្យមានការស្រែកអបអរយ៉ាងខ្លាំង នៅមុនពេលបន្តនិយាយជាភាសាបារាំងថា៖ «សួស្តីអ្នកទាំងអស់គ្នា។ វាជាសុបិនរបស់ខ្ញុំ ចាប់តាំងពីខ្ញុំនៅតូចម្ល៉េះក្នុងការលេងឲ្យក្លិប Real Madrid ហើយនៅពេលនេះ ខ្ញុំស្ថិតនៅទីនេះហើយ»។ លោក Perez បានបញ្ជាក់ថា៖ «អ្នកជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដ៏ឆ្នើមបំផុតក្នុងពិភពលោក។

យើងដឹងថា Real Madrid ជាកន្លែងដែលអ្នកចង់ស្ថិតនៅ ហើយពេលនេះ អ្នកនៅទីនេះហើយ»។ Real Madrid បានប្រកាសពីការផ្ទេររបស់ Hazard ពីការក្លិប Chelsea កាលពីថ្ងៃសុក្រ សម្រាប់តម្លៃខ្លួនជាបឋមចំនួន១០០លានអឺរ៉ូ (ស្មើនឹង១១៣លានដុល្លារអាមេរិក) រួមជាមួយនឹងប្រាក់ឧបត្ថម្ភបន្ថែម៤៥លានអឺរ៉ូផ្សេងទៀត។

ទឹកប្រាក់សរុបនេះ នឹងមានចំនួនច្រើនជាង ១០១លានអឺរ៉ូ ដែលក្លិប Real បានចំណាយទៅឲ្យ Tottenham ដើម្បីនាំយកតារាឆ្នើម Gareth Bale និង៩១លានអឺរ៉ូ ដែលពួកគេបានចំណាយដើម្បីទិញកីឡាករ Cristiano Ronaldo ពីក្លិប Manchester United៕