ក្លិបចាបលឿង Norwich City បានចុះហត្ថលេខាជាមួយនឹងខ្សែប្រយុទ្ធអន្តរជាតិស្វ៊ីស Josip Drmic ដោយគ្មានតម្លៃខ្លួនពីក្លិប Borussia Moenchengladbach ខណៈដែលពួកគេត្រៀមខ្លួនសម្រាប់ការវិលទៅលេងក្នុងក្របខ័ណ្ឌ Premier League វិញ ក្រោយពីឈ្នះសិទ្ធិក្នុងនាមជាក្រុមម្ចាស់ជើងឯក Championship។

Drmic វ័យ២៦ឆ្នាំ បានចុះកុងត្រារយៈពេល៣ឆ្នាំ ក្រោយពីបានចំណាយពេល៤រដូវកាលក្រោយជាមួយនឹងក្លិប Moenchengladbach និងធ្លាប់មានបទពិសោធក្នុងក្របខ័ណ្ឌ Champions League ជាមួយនឹងក្រុម Bayer Leverkusen។ Drmic បានបង្ហាញខ្លួនជាអន្តរជាតិ៣២លើក ក្រោយពីបានលេងតំណាងឲ្យក្រុមជម្រើសជាតិស្វ៊ីស ក្នុងព្រឹត្តិការណ៍ World Cup ចំនួន២លើក និងបានស៊ុតបាល់បញ្ចូលទី១០គ្រាប់ សម្រាប់ប្រទេសរបស់គេ។

កីឡាករសញ្ជាតិស្វ៊ីសរូបនេះ គឺជាកីឡាករចំណូលថ្មីទី២របស់គ្រូបង្វឹកនៃក្រុម Norwich លោក Daniel Farke ក្នុងពេលបិទរដូវកាលនេះ ក្រោយពីបុរសសញ្ជាតិអាល្លឺម៉ង់រូបនេះ បានបំពេញការខ្ចីជើងពេញ១រដូវកាលសម្រាប់ខ្សែបម្រើស្លាប Patrick Roberts ពីក្លិប Manchester City។ Drmic បានប្រាប់គេហទំព័ររបស់ក្លិបថា៖ «ខ្ញុំពិតជារំភើបណាស់ក្នុងការលេងក្នុងក្របខ័ណ្ឌ Premier League។

ខ្ញុំពិតជាអន្ទះសារណាស់ ពីព្រោះខ្ញុំបានឮនូវរឿងជាច្រើនពីមិត្តរួមក្រុមរបស់ខ្ញុំ ក្នុងក្រុមជម្រើសជាតិដែលបានលេងក្នុងក្របខ័ណ្ឌ Premier League»។ កីឡាកររូបនេះបានបន្ថែមទៀតថា៖ «សម្រាប់ខ្ញុំ វាជាការចាប់ផ្តើមថ្មីមួយ។ វាជាឱកាសថ្មីមួយជាមួយនឹងការប្រជែងថ្មីៗ ហើយខ្ញុំពិតជារីករាយណាស់ដែលខ្ញុំជិតបានលេងក្នុងក្របខ័ណ្ឌ Premier League ហើយ។ ខ្ញុំពិតជាចង់ចាប់ផ្តើមណាស់»៕

ប្រភពព័ត៌មាន៖ Channel News Asia