កូនប្រុសរបស់អតីតខ្សែបម្រើស្លាបកាំភ្លើងធំ Arsenal លោក Jose Antonio Reyes បានចុះហត្ថលេខាលើកិច្ចសន្យាជាមួយក្លឹប Real Madrid ក្នុងវ័យ ១១ឆ្នាំ។ Jose Reyes Lopez ដែលពីមុនលេងឱ្យក្លឹប Leganes របស់អេស្ប៉ាញនឹងចូលរួមជាមួយក្លឹបអធិរាជសដែលជាកន្លែងឪពុករបស់ខ្លួនលេងក្នុងលក្ខណ្ឌខ្ចីជើងកាលពីរដូវកាល ២០០៦-២០០៧។

រំលឹកឡើងវិញថា Reyes អតីតកីឡាករ Sevilla រូបនេះបានស្លាប់នៅក្នុងគ្រោះថ្នាក់រថយន្តក្នុងវ័យ ៣៥ឆ្នាំកាលពីខែមុន។ ការផ្ទេររបស់ Reyes Jnr ទៅកាន់ក្រុម Real Madrid ត្រូវបានព្រមព្រៀងមុនពេលការស្លាប់របស់ឪពុកគេ ស្របពេលសាមីខ្លួនបានផូសរូបការផ្លាស់ប្តូរជាផ្លូវការណ៏នេះលើបណ្តាញទំនាក់ទំនង Instagram ដោយថតរូបជាមួយម្តាយរបស់ខ្លួន ។

Lopez បានបន្តសរសេរលើបណ្តាញសង្គមថា: ខ្ញុំសប្បាយចិត្តនិងមានមោទនភាពដែលបានចាប់ផ្តើមពេលវេលាថ្មីជាមួយក្លឹប Real Madrid។ ខ្ញុំចង់អរគុណដល់មនុស្សទាំងអស់ដែលបានគាំទ្រនិងទុកចិត្តខ្ញុំជាពិសេសគ្រួសាររបស់ខ្ញុំ។ខ្ញុំនិងបន្តការរៀនសូត្រហើយហ្វឹកហាត់បន្ថែមទៀត។

មិត្តរួមជាតិនិងជាអតីតខ្សែបម្រើក្លឹប Barcelona កីឡាករ Cesc Fabregas ដែលធ្លាប់លេងជាមួយឪពុករបស់ Reyes Jnr នៅក្លិប Arsenal ក៏បានផ្តល់ដំបូន្មានដល់ក្មួយប្រុសម្នាក់នេះផងដែរ។យោងតាមកាសែតអេស្ប៉ាញ Marca បានអោយដឹងថាប្រធានក្លឹប Real Madrid លោក Florentino Perez បានសន្យាថានឹងយកចិត្តទុកដាក់មើលថែរក្សា Reyes Jnr រហូតដល់រូបគេឈានចូលដល់វ័យ ១៨ឆ្នាំ។