លោក Tite គ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល បានទទួលស្គាល់កាលពីថ្ងៃពុធថា លោកបារម្ភពីភាពអយុត្តិធម៌នៃការស៊ុតបាល់ប៉េណាល់ទីកាត់សេចក្តី ខណៈដែលក្រុមម្ចាស់ផ្ទះរបស់លោក ត្រៀមជួបជាមួយនឹងក្រុមជម្រើសជាតិប៉ារ៉ាហ្គាយ នៅរាត្រីថ្ងៃព្រហស្បតិ៍ (ត្រូវនឹងព្រឹកថ្ងៃសុក្រ នៅកម្ពុជា)។

ក្រុមជម្រើសជាតិប្រេស៊ីល បានជួបការខកចិត្តដោយសារតែការស៊ុតបាល់ប៉េណាល់ទីកាត់សេចក្តី នៅពេលប្រកួតជាមួយនឹងក្រុមជម្រើសជាតិប៉ារ៉ាហ្គាយ រួចមកហើយ តាមរយៈការធ្លាក់ចេញពី២លើក ក្រោមស្នាដៃក្រុមជិតខាងរបស់ខ្លួន ក្នុងវគ្គដូចគ្នានេះ នៃព្រឹត្តិការណ៍ Copa America។

កាលពីឆ្នាំ២០១១ ក្រុមជម្រើសជាតិប៉ារ៉ាហ្គាយ បានយកឈ្នះលើក្រុមជម្រើសជាតិប្រេស៊ីល ២-០ ដោយការស៊ុតបាល់ប៉េណាល់ទី និងបានបន្តឈានដល់វគ្គផ្តាច់ព្រ័ត្រ ក្នុងប្រទេសអាហ្សង់ទីន មុននឹងចាញ់ក្រុមជម្រើសជាតិអ៊ុយរូហ្គាយ ក្នុងការប្រកួតដណ្តើមពាន។ ក្នុងរយៈពេល៤ឆ្នាំ ក្រោយមក ក្នុងប្រទេសស៊ីលី ពួកគេបានរងបរាជ័យម្តងទៀតដោយការស៊ុតបាល់ប៉េណាល់ទីកាត់សេចក្តី ក្នុងលទ្ធផល ៤-៣ បើទោះបីពេលនោះប៉ារ៉ាហ្គាយ បានរងបរាជ័យយ៉ាងចាស់ដៃក្នុងលទ្ធផល ៦-១ ក្រោមស្នាដៃក្រុម ជម្រើសជាតិអាហ្សង់ទីន ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក៏ដោយ។

ក្នុងសន្និសីទសារព័ត៌មានមួយ នៅកីឡដ្ឋាន Gremio Arena ក្នុងទីក្រុង Porto Alegre ដែលជាកន្លែងសម្រាប់ការប្រកួតនៅរាត្រីនេះ លោក Tite បានឲ្យដឹងថា៖ «ខ្ញុំនឹងមិនមានអារម្មណ៍ស្ងប់ចិត្តទៅលើការស៊តុបាល់ប៉េណាល់ទីឡើយ។ ខ្ញុំមិនផ្លាស់ប្តូរអារម្មណ៍របស់ខ្ញុំឡើយ។ ការស៊ុតបាល់ប៉េណាល់ទី គឺជារឿងអយុត្តិធម៌ ពួកគេទទួលជោគជ័យ ឬបរាជ័យជាលក្ខខណៈឯកជន ហើយនោះមិនមែនជារឿងយុត្តិធម៌ឡើយ»៕
ប្រភពព័ត៌មាន៖ Channel News Asia