ការផ្លាស់ប្តូរគ្រូបង្វឹកដឹកនាំនៅលីកកំពូលអង់គ្លេសបានក្លាយជាប្រធានបទចាប់អារម្មណ៏មួយពីសំណាក់មជ្ឈដ្ឋានបាល់ទាត់ជុំវិញពិភពលោក។ យ៉ាងណាមិញគិតត្រឹមរដូវកាល ២០១៨-២០១៩ នេះក្រុមតោខៀវ Chelsea ត្រូវបានស្គាល់ថាជាក្លឹបដែលមានការផ្លាស់ប្តរូអ្នកចាត់ការច្រើនជាងគេគិតចាប់តាំងពីឆ្នាំ១៩៩២ ស្របពេលបច្ចុប្បន្នក្រុមម្ចាស់ជើងឯក Europa League ២សម័យមួយនេះ មិនទាន់ជ្រើសបានអ្នកចាត់ការថ្មីទី១ របស់ពួកគេនៅឡើយទេ ក្រោយការចាកចេញរបស់លោក Sarri ទៅកាន់ក្រុម Juventus។ រីឯក្លឹប Southampton បានក្លាយជាក្លឹបដែលមានអ្នកចាត់ការច្រើនបំផុតទី១ ប៉ុន្តែមិនចាត់បញ្ចូលក្នុងចំណោមក្លឹបដែលបានបញ្ចប់តួនាទីគ្រូបង្វឹកច្រើនបំផុតនោះទេ ព្រោះពួកគេធ្លាប់ខកខានមានវត្តមាននៅក្របខណ្ឌ Premier League ៧រដូវកាល។

ខាងក្រោមនេះគឺជាក្លឹប៥ ដែលធ្លាប់មានគ្រូបង្វឹកចូលមកដឹកនាំច្រើនបំផុត:

៥. Sunderland(១២នាក់)

Sunderland ធ្លាប់បង្ហាញខ្លួន ១៦រដូវកាលនៅ ក្របខ័ណ្ឌកំពូលរបស់អង់គ្លេសស្របពេលបច្ចុប្បន្ននេះ ពួកគេស្ថិតនៅក្នុង League One (ក្របខណ្ឌលំដាប់ទី៣)។ ការពិតក្រុមបានឆ្លងកាត់គ្រូបង្វឹកបីនាក់ផ្សេងទៀតចាប់តាំងពីការធ្លាក់ចេញពីក្របខ័ណ្ឌ Premier League កំលុងដែលស្ថិតនៅក្នុងក្របខ័ណ្ឌ Premier League ក្រុមរហស្សនាមឆ្មាខ្មៅមានគ្រូបង្វឹក ១២នាក់ផ្សេងគ្នារួចទៅហើយ។

៤.Tottenham Hot Spur(១៣នាក់)

លោក Mauricio Pochettino គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះបានទទួលខុសត្រូវក្លឹបខាងជើងទីក្រុងឡុងដ៍អស់រយៈពេល ៥ឆ្នាំមកហើយ ខណៈក្រុមរហស្សនាមមាន់ខ្នាយមាស Tottenham បានឆ្លងកាត់គ្រូបង្វឹកចំនួន ១២នាក់ក្នុងរយៈពេល ២២ឆ្នាំកន្លងមកនេះ។ ហើយក្នុងរយៈពេលដឹកនាំក្រុមកន្លងមកនេះគឺមានតែលោក Juande Ramos សញ្ជាតិអេស្បាញតែម្នាក់គត់ដែលធ្លាប់ដឹកនាំក្រុមលើកពាន League Cup នៅឆ្នាំ២០០៨។

៣.Newcastle United(១៤នាក់)

ក្រុមសារិកាព្រៃ Newcastle ឆ្លងកាត់អ្នកចាត់ការទូទៅ ១៤រូបហើយគិតចាប់ពីគ្រូបង្វឹកលោក Rafel Benitez ដែលនិងត្រូវចែកផ្លូវគ្នាជាមួយក្លឹបក្នុងពេលឆាប់ៗនេះ។ ក្រុមមានអ្នកចាត់ការទូទៅដែលល្បីល្បាញនិងធ្លាប់ ឈ្នះបាល់មាសគឺលោក Kevin Keegan ខណៈក្រុមធ្លាប់មានអ្នកស៊ុតបញ្ចូលទីច្រើនបំផុតក្នុងប្រវត្តិសាស្រ្តបាល់ទាត់លីកកំពូលអង់គ្លេសគឺខ្សែប្រយុទ្ធឆ្នើម Alain Shearer។

២.Chelsea(១៤នាក់)

ដូចគ្នានិងក្លឹប Newcastle ក្រុមតោខៀវChelsea ធ្លាប់តែងតាំងអ្នកចាត់ការទូទៅ ១៤ដងក្នុងក្របខ័ណ្ឌ Premier League គិតត្រឹមលោក Maurizio Sarri ដែលបានផ្លាស់ទៅដឹកនាំ Juventus នៅរដូវក្តៅនេះ ស្របពេល Chelsea មានពត៌មានចុះផ្សាយពីការចង់ចុះហត្ថលេខាវីរបុរសគឺ Frank Lampard មកដឹកនាំក្រុម។

មុនពេល Roman Abramovich ចូលមកកាន់កាប់ ក្លិប Chelsea ធ្លាប់មានគ្រូបង្វឹកចំនួន ៥រូបក្នុងរយៈពេល 11ឆ្នាំមានដូចជា ១.Ian Porterfield , ២.Glenn Hoddle, ៣. Ruud Gullit, ៤. Gianluca Vialli និង ៥ Claudio Ranieri មុនពេលលោក Abramovich បានកាន់កាប់និងតែងតាំងលោក Jose Mourinho ជាគ្រូបង្វឹកទី១ក្នុងរជ្ជកាលរបស់ខ្លួនក្នុងនោះ អតីតគ្រូបង្វឹកលោក Gus Hiddink និង Rafa Benitez ក៏ធ្លាប់ដើរតួជាគ្រូបណ្តោះអាសន្ន(Care Taker)ជួយក្រុមឈ្នះពានកន្លងមកដែរ។

១.Southampton(១៨នាក់)

ទោះបីជាមានអ្នកចាត់ការទូទៅរហូតដល់១៨រូបច្រើនក៏ពិតមែន ប៉ុន្តែក្នុងចំណោម ១៨រូបនោះគិតទាំងគ្រូបង្វឹកបណ្តោះអាសន្នផង មិនត្រូវបានរាប់បញ្ចូលនិងចាត់ទុកថាដឹកនាំនៅលីកកំពូលទាំងអស់នោះទេ ព្រោះពួកគេ បានខកខានបង្ហាញខ្លួននៅក្របខណ្ឌ Premier League ដល់ទៅ ៧រដូវកាលឯណោះ។