​​​ ខ្សែបម្រើអន្តរជាតិកូឡុំប៊ី Mateus Uribe បានបញ្ជាក់កាលពីថ្ងៃពុធថា រូបគេរីករាយក្នុងការលេងក្នុងវគ្គ៨ក្រុមចុងក្រោយ ក្នុងពេលក្រុមកំពុងតែឡើងទម្រង់លេងរបស់គេ ប៉ះជាមួយនឹងក្រុមម្ចាស់ការពារតំណែងជើងឯក ស៊ីលី ក្នុងព្រឹត្តិការណ៍ Copa America នៅថ្ងៃសុក្រនេះ (ត្រូវនឹងព្រឹកថ្ងៃសៅរ៍ នៅកម្ពុជា)។

ក្រុមជម្រើសជាតិកូឡុំប៊ី បានឆ្លងផុតវគ្គចែកពូលរបស់ពួកគេយ៉ាងងាយ តាមរយៈការកត់ត្រាជ័យជម្នះ៣លើកពីការប្រកួតទាំង៣លើករបស់ពួកគេ ដើម្បីឈរលេខ១ក្នុងពូល B ប៉ុន្តែ ត្រូវប៉ះជាមួយនឹងក្រុមដ៏ខ្លាំង។ ក្រុមជម្រើសជាតិស៊ីលី បានបញ្ចប់ដោយការឈរលេខ២ក្នុងពូល C ក្រោយពីចាញ់ការប្រកួតចុងក្រោយក្នុងពូលរបស់ពួកគេ ក្រោមស្នាដៃក្រុមជម្រើសជាតិអ៊ុយរូហ្គាយ ក្នុងលទ្ធផល ១-០។

ជាមួយគ្នានេះ Uribe គិតថា ទម្រង់លេងរបស់ក្រុមម្ចាស់ជើងឯកមួយនេះ នឹងស័ក្តិសមជាមួយនឹងក្រុមរបស់គេ។ Uribe បានឲ្យដឹងថា៖ «ក្នុងចំណោមគូប្រកួតដែលយើងបានជួប សម្រាប់ខ្ញុំ ក្រុមស៊ីលី គឺជាក្រុមខ្លាំងជាងសម្រាប់យើង ឬសម្រាប់ការប្រកួតរបស់យើង ពីព្រោះពួក គេជាក្រុមមួយដែលបញ្ជូនបាល់បានយ៉ាងល្អ និងរក្សាការប្រជែងនៅលើទីលានប្រកួត»។ កីឡាកររូបនេះបានប្រាប់បន្តថា៖ «ប៉ុន្តែ ពួកគេក៏បន្សល់ទុកចន្លោះច្រើនផងដែរ ពួកគេក៏អនុញ្ញាតឲ្យអ្នកលេង ហើយយើងបានប្រើប្រាស់បាល់យ៉ាងល្អ។

យើងលេងបាល់ត្រង់ៗ ហើយការបញ្ជូនបាល់ត្រង់ៗនោះ បានជួយឲ្យយើងផ្តល់ការលំបាកដល់គូប្រកួតរបស់យើង»។ ទោះបីជាយ៉ាងណា Uribe បានព្រមានថា៖ «លទ្ធផលរបស់ក្រុមកូឡុំប៊ី មិនបានធ្វើឲ្យយើងក្លាយជាក្រុមដ៏ខ្លាំងបំផុតឡើយ។ យើងត្រូវតែធ្វើឲ្យប្រាកដថា ក្រុមផ្សេងទៀតមិនអាចដណ្តើមបាល់ពីយើងបាន។ យើងត្រូវតែវាយបកដោយផ្ទាល់តែម្តង»៕
ប្រភពព័ត៌មាន៖ Channel News Asia