Lionel Messi ទទួល​ស្គាល់​ថា​ការ​លេង​បាល់​នៅ​ពាន Copa America ឆ្ងាយ​ពី​​សមត្ថភាព​ដែល​ខ្លួន​​ធ្លាប់​ធ្វើ​បាន​ល្អ​បំផុត​។ ម្ចាស់​ស្បែក​ជើង​មាស​ទ្វីប​អឺរ៉ុប​៦​សម័យ ជឿ​ថា​ទីលាន​នៅ​ក្នុង​ប្រទេស​ប្រេស៊ីល​​​បង្ក​ឲ្យ​មាន​បញ្ហា​នេះ។

Messi រក​បាន​តែ​១​គ្រាប់​គត់​ពី​ការ​ទាត់​បាល់​ពិន័យ​១១​ម៉ែត្រ​លើ​ក្រុម​ប៉ារាហ្គាយ ក្នុង​ចំណោម​៤​ប្រកួត​របស់​ខ្លួន​កន្លង​មក។

ក្រោយ​ Messi អាច​ជួយ​អាហ្សង់ទីន​ទាំង​លំបាកលំបិន​ទៅ​កាន់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ដែល​នឹង​ត្រូវ​ជួប​ម្ចាស់​ផ្ទះ​ប្រេស៊ីល តារា​ឆ្នើម​ Barcelona បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា “ខ្ញុំ​មិន​អាច​បញ្ចេញ​សមត្ថភាព​ល្អ​បំផុត​របស់​ខ្ញុំ​នៅ Copa America ឡើយ”។

​”​​​ពិត​ណាស់​ទីលាន​គឺ​ជា​រឿង​គួរ​ឱ្យ​ខ្មាស​អៀន​បំផុត វា​ពិបាក​ក្នុង​ការ​គ្រប់គ្រង​ និង បណ្ដើរ​បាល់។ បាល់​ប្រៀប​បីដូច​ជា​ទន្សាយ​ វា​​រត់​ទៅ​គ្រប់​កន្លែង ហើយ​យើង​ត្រូវ​តែ​សម្រប​តាម​វា”។

“ទីលាន​មាន​សភាព​យ៉ាប់​ខ្លាំង​។ វា​មិន​ជួយ​ឲ្យ​យើង​អាច​រក្សា​បាល់​នៅ​នឹង​ជើង​បាន​ទេ បាល់​វា​លោត​យឺត​មែនទែន ហើយ​អ្នក​មិន​អាច​បណ្ដើរ​វា​ស្រួល​ទេ”។

អាហ្សង់ទីន​នឹង​ជួប​ប្រេស៊ីល​នៅ​ព្រឹក​ថ្ងៃ​ពុធ ជា​លើក​ដំបូង​របស់​ពួកគេ​ចាប់​តាំង​ពី​ខាន​ជួប​គ្នា​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ Copa America ឆ្នាំ ២០០៧៕