កីឡាករអធិរាជសរ ​James Rodriguez បាន​និយាយ​ថា​អនាគត​របស់​ខ្លួន​ស្ថិត​នៅ​ក្នុង​កណ្ដាប់​ដៃ​របស់ Real Madrid ក្រោយ​ក្លឹប​យក្ស​អេស្ប៉ាញ​ដាក់​​កីឡាករ​កូឡុំប៊ី​រូប​នេះ​ឲ្យ​គេ​ខ្ចី​ជើង​អស់​២​រដូវ​កាល។

Bayern Munich ក៏​មិន​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​​ថា​ចង់​ទិញ James ពី Real ដែរ​បើ​ទោះ​ជា​កីឡាករ​វ័យ​២៧​ឆ្នាំ​បាន​ជួយ​ក្លឹប​អាឡឺម៉ង់​លើក​ពាន​មួយ​ចំនួន​អំឡុង​ពេល​ខ្ចី​ជើង២​រដូវ​កាល​ក្តី។

ឆ្លើយ​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ក្រោយ កូឡុំប៊ី​ធ្លាក់​ចេញ​ពី​ការ​ប្រកួត​ពាន Copa America ខ្សែ​បម្រើ​ប្រយុទ្ធ​រូប​នេះ​និយាយ​ថា “ខ្ញុំ​មិន​ទាន់​ដឹង​ថាតើ​ខ្ញុំ​នឹង​ទៅ​លេង​នៅ​ទីណា​​ឡើយ​នៅ​រដូវ​កាល​ក្រោយ។ ខ្ញុំ​មាន​ពេល​៣​សប្ដាហ៍​ទៀត​ដើម្បី​កគិត​អំពី​វា”។​​ “វា​មិន​ស្ថិត​​នៅ​លើ​ខ្ញុំ​តែ​ម្នាក់​ឯង​នោះ​ទេ។ ខ្ញុំ​នឹង​មើល​ថាតើ​ Real Madrid នឹង​សម្រេច​ចិត្ត​បែប​ណា។ មនុស្ស​នៅ​ទីនោះ​​គេ​នឹង​គិត​ហើយ ខ្ញុំ​ក៏​មិន​​អាច​ធ្វើ​អ្វី​បាន​ដែរ”។

James និង Gareth Bale មាន​វាសនា​មិន​សូវ​ខុស​គ្នា​ឡើយ​ក្រោម​ការ​គ្រប់គ្រង​របស់ Zinedine Zidane។ អនាគត​របស់​ពួកគេ​កំពុង​ស្ថិត​នៅ​ក្នុង​ភាព​ស្រពិចស្រពិល ព្រោះ​ជា​ចំណែក​លើស​របស់ Zidane ពិសេស​នៅ​ពេល​ដែល Real បាន​ចំណាយ​យ៉ាង​ច្រើន​ក្នុង​ការ​នាំយក Eden Hazard និង Luka Jovic។