ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ បានបំពេញការសងសឹករបស់ពួកគេ លើក្រុមជម្រើសជាតិអាល្លឺម៉ង់ ខណៈដែលពួកគេបានលើកពាន European Under-21 Championship ឬ Euro U-21 ក្រោយពីដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ២-១ តាមរយៈគ្រាប់បាល់ស៊ុតបញ្ចូលទីពីកីឡាករ Fabian Ruiz និង Dani Olmo កាលពីថ្ងៃអាទិត្យ។

ក្រុមជម្រើសជាតិអេស្ប៉ាញ បានរងបរាជ័យក្នុងលទ្ធផល ១-០ ក្រោមស្នាដៃក្រុមជម្រើសជាតិអាល្លឺម៉ង់ ក្នុងវគ្គផ្តាច់ព្រ័ត្រ កាលពីឆ្នាំ២០១៧ ប៉ុន្តែ បានគ្រប់គ្រងការប្រកួតនៅឆ្នាំនេះទាំងស្រុង នាកីឡដ្ឋាន Stadio Friuli នៅមុនពេលកីឡាករ Nadiem Amiri បានវាយបក១គ្រាប់វិញសម្រាប់ក្រុមជម្រើសជាតិអាល្លឺម៉ង់។

Ruiz បានស៊ុតបាល់បញ្ចូលទី ក្រោយពីលេងបានត្រឹមតែ៨នាទី តាមរយៈការទាត់បាល់ចូលជ្រុងម្ខាងយ៉ាងល្អ ហើយ Olmo រកបានគ្រាប់បាល់ទី២ នៅនាទី ទី៦៩ តាមរយៈការស៊ុតបាល់រំលងក្បាលអ្នកចាំទី Alexander Nuebel ដែលមិនអាចសង្គ្រោះបាល់ពីការស៊ុតរបស់កីឡាករ Ruiz បាន។

ក្រុមជម្រើសជាតិអាល្លឺម៉ង់ វាយបកបាន១គ្រាប់វិញ នៅនាទី ទី៨១ ប៉ុន្តែ មិនគ្រប់គ្រាន់ក្នុងការរារាំងមិនឲ្យក្រុមជម្រើសជាតិអេស្ប៉ាញ លើកពាន Euro U21 ជាលើកទី៥ ដើម្បីតាមស្មើកំណត់ត្រារបស់ក្រុមខ្លាំងអ៊ីតាលី បានឡើយ៕