ខ្សែការពារកណ្តាលអន្តរជាតិប្រេស៊ីល Thiago Silva បានបញ្ជាក់ថា ក្រុមម្ចាស់ផ្ទះមួយនេះ កំពុងតែផ្តោតលើភាពវិជ្ជមាន នៅមុនពេលការប្រកួតព្រឹត្តិការណ៍ Copa America វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ របស់ពួកគេ ជាមួយនឹងក្រុមជម្រើសជាតិអាហ្សង់ទីន នៅលើទីលានមួយក្នុងចំណោមទីលានដែលពួកគេបានជួបភាពជូរចត់បំផុតក្នុងកីឡាបាល់ទាត់។

កីឡដ្ឋាន Mineirao ក្នុងទីក្រុង Belo Horizonte ដែលជាកន្លែងក្រុមខ្លាំងរបស់អាមេរិកខាងត្បូងទាំង២ នឹងត្រូវជួបគ្នានៅរាត្រីថ្ងៃអង្គារ (ត្រូវនឹងពឹកថ្ងៃពុធនៅកម្ពុជា) ដើម្បីប្រជែងកៅអីទៅវគ្គផ្តាច់ព្រ័ត្រនៃ Copa America គឺជាកន្លែងដែលក្រុមជម្រើសជាតិប្រេស៊ីល បានរងបរាជ័យយ៉ាងអាម៉ាស ក្រោមស្នាដៃក្រុមជម្រើសជាតិអាល្លឺម៉ង់ ក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៤។

ពួកគេបានរងបរាជ័យក្នុងលទ្ធផល ៧-១ ក្នុងការប្រកួតមួយដែលត្រូវបានកត់ត្រាក្នុងប្រវត្តិសាស្ត្រក្នុងនាមជាការបរាជ័យ យ៉ាងឈឺចាប់ ពោលគឺឈឺចាប់ជាងនៅកីឡដ្ឋាន Maracanazo ដែលជាកន្លែងពួកគេបានចាញ់ក្រុមជម្រើសជាតិអ៊ុយរូហ្គាយ ក្នុងលទ្ធផល ២-១ ក្នុងវគ្គផ្តាច់ព្រ័ត្រនៃយុទ្ធនាការ World Cup ឆ្នាំ១៩៥០ ទៅទៀត។ Silva បានឲ្យដឹងថា៖ «មិនមានកីឡាករណាម្នាក់នៅទីនេះ បាត់ការចងចាំឡើយ ឬក៏ពួកគេបានភ្លេចនូវអ្វីដែលបានកើតឡើងឡើយ ប៉ុន្តែ នោះហើយគឺជាជីវិត យើងមិនអាចបន្តនៅតែខកចិត្តដោយសារតែរឿងកាលពីមុនឡើយ។ យើងត្រូវតែគិតអំពីរឿងល្អៗ»។

ក្រុមជម្រើសជាតិប្រេស៊ីល ត្រូវតែបន្តព្យាយាមលុបចោលសំណាងអាក្រក់របស់ពួកគេនៅកីឡដ្ឋាន Mineirao ក្រោយពីបានផ្តួលក្រុមជម្រើសជាតិអាហ្សង់ទីន រួចជាស្រេចក្នុងលទ្ធផល ៣-១ ក្នុងការប្រកួតជម្រុះ World Cup នៅកីឡដ្ឋាននេះ កាលពីឆ្នាំ២០១៦ ប៉ុន្តែ នេះគឺជាការវិលទៅប្រកួតជាលើកទី១របស់ពួកគេនៅកីឡដ្ឋាននេះ ក្នុងយុទ្ធនាការដ៏ធំមួយ៕