លោក Pep Guardiola គ្រូបង្វឹកក្រុម Manchester City បានបង្ហើបឱ្យដឹងថា មានតែកីឡាករបាល់ទាត់ម្នាក់ប៉ុណ្ណោះនាពេលបច្ចុប្បន្ន ដែលមានទេពកោសល្យខ្ពស់ស្ថិតក្នុងកម្រិតកំពូលដូចជា Lionel Messi នោះគឺ Neymar Jr។ នៅក្នុងបទសម្ភាសន៍ជាមួយ ARA អតីតអ្នកចាត់ការក្លឹប Barcelona និង Bayern Munich រូបនេះបានលើកឡើងនូវប្រធានបទជាច្រើន រួមទាំងប្រធានបទខាងលើនេះផងដែរ។

គ្រូបង្វឹកសញ្ជាតិអេស្បាញបានឱ្យដឹងថា: ខ្សែប្រយុទ្ធបីនាក់របស់ Barcelona ក្រោមការដឹកនាំរបស់លោក Luis Enrique គឺ Messi, Suarez, Neymar ធ្លាប់មានកំនត់ត្រាដឹកនាំក្រុមមិនស្គាល់ចាញ់។ ជាពិសេសនៅពេលនោះ គឺភាពច្នៃប្រឌិតរបស់ Neymar ផ្តល់ការគាំទ្រដល់ Messi។

អ្នកចាត់ការដែលឈ្នះពានក្របខ័ណ្ឌ Premier League ពីរសម័យកាលជាប់គ្នា បានបន្តពន្យល់ទៀតថា: ពួកគេបានបង្ហាញពីការប្តេជ្ញាចិត្ត ដើម្បីយកឈ្នះការប្រកួតបន្តបន្ទាប់ ហើយអ្វីដែលសំខាន់គឺទំនាក់ទំនងជិតស្និទ្ធរបស់ពួកគេ និងគ្រូបង្វឹកលោក Luis Enrique ផងដែរ។ ទាំងអស់នេះហើយដែលជាមូលហេតុ ក្រោយឃ្លាតឆ្ងាយរយៈពេលពីរឆ្នាំពីក្លឹប Barcelona និងឃ្លាតឆ្ងាយពីមិត្តរួមក្រុម Messi-Suarez ហាក់ដូចជាបានធ្វើឱ្យកីឡាករប្រេស៊ីលវ័យ ២៧ឆ្នាំរូបនេះ ដឹងពីអ្វីដែលគាត់កំពុងបាត់នៅពេលនេះ។