លោក Jurgen Klopp គ្រូបង្វឹកក្រុមហង្សក្រហម Liverpool ត្រូវបានគេស្គាល់ថាមានទំនាក់ទំនងជិតស្និទ្ធជាមួយនិងកីឡាកររបស់ខ្លួនដែលរូបលោកដឹកនាំ និងមួយចំនួនមិនបានលេងក្រោមការដឹកនាំផ្ទាល់របស់ខ្លួនយ៉ាងណាក៏ដោយ។ មានកីឡាករមួយចំនួនបានរីកចម្រើន និងទទួលការសរសើរពីជំនាញគ្រប់គ្រងរបស់គ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់រូបនេះ ប៉ុន្តែអ្វីដែលមិនគួរអោយជឿគឺមានកីឡាករតិចតួចប៉ុណ្ណោះដែលមិនអាចធ្វើការងារចុះសម្រុងជាមួយអតីតគ្រូបង្វឹក Mainz និង Dormund រូបនេះបាន។

១. Martin Skrtel

ខ្សែការពារ Martin Skrtel គឺជាកីឡាករដ៏ល្អម្នាក់សម្រាប់ Liverpool រយៈពេល ៨រដូវកាលកន្លះ គាត់បានបង្ហាញខ្លួន ៣២០ប្រកួត សម្រាប់ក្លឹប និងបានឈ្នះពានរង្វាន់ League Cup និង ពានរង្វាន់កីឡាករឆ្នើមប្រចាំ ឆ្នាំ២០១២ សម្រាប់ Liverpool។

Skrtel កីឡាករសញ្ជាតិស្លូវ៉ាគីរូបនេះបានជាប់ជាជម្រើស ១១នាក់ដំបូងសម្រាប់លោក Jurgen Klopp ប៉ុន្តែមិនយូរប៉ុន្មានរូបគេគឺជាកីឡាករបម្រុងបន្ទាប់ពី Dejan Lovren, Mamadou Sakho និង Kolo Toure ឯណោះទៅវិញ។ នៅរដូវក្តៅឆ្នាំ២០១៦ Skrtel ត្រូវបានលក់ចេញទៅក្លឹបតួគី Fenerbahce និងបន្ទាប់ពីការផ្លាស់ប្តរជាផ្លូវការនៅលើបណ្តាញទំនាក់ទំនងសង្គមបានលេចចេញពត៌មានអាថ៌កំបាំង មួយដែលមានចំណងជើងថា hashtags ដោយភ្ជាប់មកជាមួយនៅរូបភាពរបស់ Skrtel និងមិត្រភក្តរបស់គេដែលត្រូវបានប្រែសម្រួលជាភាសាអង់គ្លេសថាកីឡាករ Skrtel បានប្រមាថមើលងាយគ្រូបង្វឹក Klopp។ ប៉ុន្តែក្រោយមក Skrtel បានធ្វើការពន្យល់និងបកស្រាយនៅនៅលើគណនី Instagram បង្ហាញពីធាតុពិតរបស់ខ្លួនថាគាត់មិនមានទំនាក់ទំនងល្អជាមួយលោក Klopp ទេ នៅពេលគាត់សម្រេចចាកចេញពី Anfield។

២. Mamadou Sakho

Sakho គឺជាសមាជិកសំខាន់ដែលបានជួយ Liverpool ឈានដល់វគ្គផ្ដាច់ព្រ័ត្រ រដូវកាល ២០១៥-២០១៦ ប៉ុន្តែគាត់បានខកខានការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Europa League ដោយសារត្រូវហាមឃាត់រយៈពេល ៣០ថ្ងៃ ពីបទប្រើប្រាស់សារធាតុញៀន។ ទោះជាយ៉ាងណាការប្រើប្រាស់នេះមិនបានចាត់ចូលក្នុងបញ្ជីនៃសារធាតុហាមឃាត់ដោយ UEFA ទេ។

ក្រោយមកទៀត Liverpool បានធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកលោក Klopp ក៏បានបញ្ជូន Sakho ត្រឡប់ទៅផ្ទះវិញក្រោមហេតុផលមិនគោរពច្បាប់ ស្របពេលកីឡាករអន្តរជាតិបារាំងរូបនេះមកយឺតពេលសម្រាប់ការហោះហើរ និងយឺតពេលទៅទទួលទានអាហារជាក្រុម។ ក្រោយមកលោក Sakho បាននិយាយថាលោកបានសុំទោសអ្នកចាត់ការ និងមិត្តរួមក្រុមរបស់គាត់ហើយបានបង់ប្រាក់ពិន័យ ប៉ុន្តែវាមិនគ្រប់គ្រាន់ដែលធ្វើអោយលោក Klopp ពេញចិត្តពេញថ្លើមឡើងវិញទេ។

នៅពាក់កណ្តាលរដូវកាល ២០១៦-២០១៧ Sakho បានផ្ទេរទៅខ្ចីជើងលេងនៅ Crystal Palace និងបន្ទាប់ពីជ័យជម្នះរបស់ក្រុម Palace និងចាប់ដៃគ្នាលេងយ៉ាងល្អជាមួយកីឡាករ Christian Benteke ដែលធ្លាប់លេងនៅ Anfield ជាមួយគ្នាមុនពេល Liverpool លក់រូបគេទៅ Crystal Palace ជាអចិន្ត្រៃយ៍នៅឆ្នាំ២០១៧។

៣. Ivan Perisic

លោក Van Perisic គឺជាកីឡាករសំខាន់សម្រាប់ក្លិប Inter Milan និងក្រូអាតហើយត្រូវបានផ្សារភ្ជាប់ទៅនឹងការផ្លាស់ប្តូរទៅលេងនៅក្របខ័ណ្ឌ Premier League ជាមួយក្រុម Manchester United និង Arsenal ទោះបីជាយ៉ាងណា Perisic មុនពេលមានកេរ្តិ៍ឈ្មោះល្បីល្បាញគឺធ្លាប់លេងក្រោមការដឹកនាំរបស់លោក Klopp នៅ Borussia Dortmund ក្នុងឆ្នាំ២០១១។ រដូវកាលដំបូង កីឡាករអន្តរជាតិក្រូអាតរូបនេះរកបាន ៩គ្រាប់និង Assist ៦លើក។ ប៉ុន្តែបន្ទាប់ពីការមកដល់របស់ Marco Reus រយៈពេលចូលលេងសម្រាប់ Perisic បានធ្លាក់ចុះ។

ទីបំផុតនៅក្នុងខែមករា ឆ្នាំ២០១៣ Dortmund បានលក់ Perisic ទៅឱ្យក្រុម Wolfsburg និងជាការសំរេចចិត្តដ៏អាក្រក់មួយព្រោះក្រុមបានឈានដល់វគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ហើយត្រូវអវត្តមានកីឡាកសំខាន់ Mario Gotze ស្របពេលត្រូវជំនួសតំណែងដោយ Kevin Großkreutz ហើយពេលនោះក្រុមរងការរិះគន់ថាជម្រើសដ៏ល្អនោះគឺកីឡាករ Perisic ដែលបានចាកចេញទៅហើយ។ ទីបំផុតពួកគេបានបរាជ័យក្នុងពេលនោះ។