ខ្សែការពារកណ្តាល Diego Godin សមាជិកថ្មីរបស់ក្រុម Inter Milan និងរួមចំណែកជួយក្លឹបដើម្បីបានស្គាល់រសជាតិពានរង្វាន់នៅក្របខណ្ឌ Serie A ឡើងវិញ ក្រោយទើបតែផ្ទេរពីក្រុម Atletico Madrid ផ្លាស់មកចូលរួមនៅក្លឹបយក្សអ៊ីតាលីមកទឹកដី San Siro កាលពីថ្ងៃអង្គារនេះក្នុងកិច្ចសន្យា ៣ឆ្នាំ។

Inter Milan ខកខានឈ្នះពានរង្វាន់លីកកំពូលអ៊ីតាលី SerieA គិតចាប់តាំងពីឆ្នាំ២០១១ ស្របពេលក្រុម Juventus បានឈ្នះពាននេះ ៨រដូវកាលជាប់ៗគ្នា។ Godin បានប្រាប់វេបសាយផ្លូវការរបស់ក្លិបថា: មូលហេតុខ្ញុំជ្រើសរើស Inter Milan ព្រោះជាក្លឹបដ៏ធំ និងក្រុមមានប្រវត្តិសាស្រ្តដ៏អស្ចារ្យ និងមហិច្ឆតាចង់ឈ្នះពាន។ ខ្ញុំនឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពនិងផ្តល់អ្វីគ្រប់យ៉ាងដែលខ្ញុំអាចធ្វើបានទាំងនៅលើទីលាន។ខ្ញុំចង់ជួយមិត្តរួមក្រុមរបស់ខ្ញុំនិងជួយក្លិបឱ្យសម្រេចបាននូវរឿងធំៗ ព្រោះពួកគេមានមហិច្ឆតា។

កីឡាករអន្តរជាតិអ៊ុយរូហ្គាយវ័យ ៣៣ឆ្នាំរូបនេះបានចំណាយពេល ៩ឆ្នាំនៅកីឡាដ្ឋាន Wanda Metropolitano ដើម្បីឈ្នះពានរង្វាន់ La Liga រដូវកាល ២០១៣-២០១៤ និងពានរង្វាន់ Europa League ២ដង ព្រមទាំងឈានដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Champion League ២ដង។