Chelsea បានតែងតាំងវីរបុរសកីឡាករ Frank Lampard ជំនួសលោក Maurizio Sarri ដើម្បីបន្តដឹកនាំក្រុមក្នុងកិច្ចសន្យា៣ឆ្នាំ បើទោះបីជាគាត់មានបទពិសោធន៍តក្នុងនាមអ្នកចាត់ការក្រុម Derby បានមួយរដូវកាលក៏ដោយ។ទីបំផុតអតីតខ្សែបម្រើក្រុមជម្រើសជាតិអង់គ្លេស Frank Lampard បានវិលត្រលប់មកកាន់កីឡាដ្ឋាន Stamford Bridge ដែលជាទីកន្លែងរូបលោកធ្លាប់បានចំណាយពេល ១៣ឆ្នាំជួយក្លឹបអោយទទួលជ័យជំនះមួយចំនួនធំក្នុងនាមក្លឹបយក្សនៅលីកកំពូលអឺរ៉ុប។

ខ្សែបម្រើកណ្តាលរូបនេះដែលបានឈ្នះពានរង្វាន់ធំៗចំនួន ១១ដងក្នុងអំឡុងពេលលេងនៅក្លឹបដែលមានមូលដ្ឋាននៅភាគខាងជើងទីក្រុងឡុងដ៏ បានផ្លាស់មកទទួលខុសត្រូវជំនួសអតីតគ្រូបង្វឹកសញ្ជាតិអ៊ីតាលីលោក Maurizio Sarri ដែលបានសម្រេចចិត្តផ្លាស់ទៅដឹកនាំក្រុមជើងឯកអ៊ីតាលី Juventus នៅក្របខ័ណ្ឌ Serie A វិញ។

ម្ចាស់ពានរង្វាន់ Europa League ២០១៩ ត្រូវបានសារពត៌មានចុះផ្សាយថាបានចំណាយទឹកប្រាក់ ៤លានផោនដើម្បីនាំយក Lampard ពីក្លឹប Derby Country នៅលីកលំដាប់ទី២ របស់អង់គ្លេស (Champion Ship) ដើម្បីត្រៀមបន្តដឹកនាំក្រុមចូលរួមការប្រកួតក្របខណ្ឌ Champion League រដូវកាលថ្មី ២០១៩-២០២០ ក្រោយបញ្ចប់ក្នុងចំណាត់ថ្នាក់លេខបីនៅរដូវកាលចាស់។

យ៉ាងណាមិញ Lampard បានដឹកនាំក្រុម Derby ទៅលេងនៅវគ្គខ័ណ្ឌ play-off កាលពីរដូវកាលមុននិងទទួលការកោតសរសើរពីរបៀបដឹកនាំលេងរបស់គាត់ទោះរងបរាជ័យ ២-១ លើក្រុម Aston Villa កាលពីចុងខែឧសភា ហើយខកខានមកលេងនៅក្របខណ្ឌ Premier League យ៉ាងណាក្តី។

លោកស្រី Marina Granovskaia នាយកប្រតិបត្តិក្រុមតោខៀវបាននិយាយថា: វាផ្តល់ឱ្យយើងនូវភាព រីករាយយ៉ាងខ្លាំងក្នុងការស្វាគមន៍ Frank ត្រលប់មកក្នុងនាមជាគ្រូបង្វឹក Chelsea។Frank មានចំណេះដឹងនិងការយល់ដឹងដ៏អស្ចារ្យពីក្លិបហើយកាលពីរដូវកាលមុន គាត់បានបង្ហាញថាគាត់គឺជាគ្រូបង្វឹកក្មេងម្នាក់ដែលមានទេពកោសល្យបំផុតនៅក្នុងការប្រកួត។