កីឡាករអ្នកចាំទីដ៏ល្បីល្បាញ Gianluigi Buffon របស់ក្រុម Juventus កំពុងតែឆ្លងកាត់ការពិនិត្យសុខភាពកាលពីថ្ងៃព្រហស្បតិ៍ ក្រោយពីបានធ្វើដំណើរមកដល់ទឹកដី Juventus បំណងត្រឡប់ទៅបង្ហាញខ្លួនជាមួយក្លឹបដែលគាត់បានចាកចេញកាលពី ១២ខែមុន។ អតីតកីឡាករអន្តរជាតិអ៊ីតាលីវ័យ ៤១ឆ្នាំដែលធ្លាប់ជួយជម្រើសជាតិលើកពាន World Cup ២០០៦ រូបនេះបានចុះហត្ថលេខាលើកុងត្រាមួយឆ្នាំនៅទីក្រុង Turin ជាកន្លែងដែលរូបលោកធ្លាប់ចំណាយពេល១៧ឆ្នាំ(២០០១-២០១៨)ដើម្បីសាងភាពល្បីល្បាញ។

ម្ចាស់ជើងឯកក្របខ័ណ្ឌ Serie A ៨សម័យចុងក្រោយ Juventus បានចែករំលែករូបភាពនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមមានរូបអ្នកចាំទី Buffon បានជួបជាមួយអ្នកគាំទ្រនិងការចុះហត្ថលេខាទៅលើរូបភាពនិងអាវរបស់ពួកគេ។

Buffon អតីតកីឡាករ Parmar រូបនេះបានផ្លាស់ទៅកាន់ក្រុម Paris Saint-Germain នៅដើមរដូវកាល២០១៨-២០១៩ ហើយបានជាប់ជាប់ជម្រើសដំបូងជំនួស អោយអ្នកចាំទីកូនកាត់បារាំង-ហ្វីលីពីន Alphonse Areola ធ្លាក់មកជាអ្នកចាំទីដៃទី២ វិញ។