អតីតអ្នកចាំទីអន្តរជតិអ៊ីតាលី Gianluigi Buffon បានវិលទៅកាន់ក្លិប Juventus ក្នុងកិច្ចសន្យារយៈពេល១ឆ្នាំ ក្រោយពីបានចំណាយពេល១រដូវកាលនៅឯក្លិប Paris Saint-Germain។

អ្នកចាំទីវ័យ៤១ឆ្នាំរូបនេះ ដែលនឹងលេងជាកីឡាករបម្រុងបន្ទាប់ពីអ្នកចាំទីអន្តរជាតិប៉ូឡូញ Wojciech Szczesny កាលពីមុន បានចំណាយពេល១៧ឆ្នាំជាមួយនឹងក្លិបសេះបង្កង់ ដោយឈ្នះពានក្របខ័ណ្ឌ Serie A ៩លើក និងលេងក្របខ័ណ្ឌ Champions League វគ្គផ្តាច់ព្រ័ត្រ៣លើក។ Juventus បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «សូមស្វាគមន៍ការវិលត្រឡប់មកផ្ទះវិញ Gigi។

កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ គឺជាថ្ងៃដែលមានការស្រក់ទឹកភ្នែកត្រង់រង្វង់ភ្នែកគ្រប់គ្នា នៅពេលដែល Gigi និយាយថា លាហើយទៅកាន់ក្លិប Juventus អ្នកគាំទ្រ និងការលាគ្នាទៅវិញទៅមក។ វាជាការនិយាយថា លាហើយទៅកាន់មនុស្សម្នាក់ដែលលើសពីប្រធានក្រុមទៅទៀត ប៉ុន្តែ ជាវីរបុរស និងជានិមិត្តសញ្ញាសម្រាប់ក្លិបនេះ»។ ក្លិប Juventus បានបន្ថែមទៀតថា៖ «យើងគ្រប់គ្នាប្រហែលជាសង្ឃឹមថា ភាពស្និទ្ធស្នាលនេះ ដែលបានធ្វើឲ្យស្ថិតនៅជាមួយគ្នាអស់រយៈពេលជាច្រើនឆ្នាំ មិនកំណត់ឲ្យយើងបែកគ្នាឡើយ។ យើងពិតជាមិនបែកគ្នាមែន»។

អ្នកចាំទីជើងចាស់រូបនេះ ដែលបានឈ្នះពាន World Cup ឆ្នាំ២០០៦ និងកីឡាករដែលបានបង្ហាញខ្លួនជាអន្តរជាតិច្រើនជាងគេបំផុតសម្រាប់អ៊ីតាលីតាមរយៈការបង្ហាញខ្លួនបាន១៧៦លើកនោះ បានចូលរួមជាមួយនឹងក្លិប PSG កាលពីរដូវកាលមុន និងបានលេងការប្រកួត២៥លើក ដោយឈ្នះពាន Ligue 1 និងពានបើករដូវកាល Champions Trophy៕

ប្រភពព័ត៌មាន៖ Channel News Asia