ពត៌មាននៃការផ្លាស់ប្តូរក្លឹបរបស់ Pogba នៅតែមិនទាន់ឃ្លាតឆ្ងាយពីសារពត៌មានសម្រាប់ការផ្ទេររូបគេចេញពីកីឡាដ្ឋាន Old Trafford។ ម្ចាស់ជើងឯក SerieA គឺក្រុម Juventus បានសម្តែងការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការវិលត្រលប់ចង់ចុះហត្ថលេខានាំយក ខ្សែបម្រើកណ្តាលរូបនេះមកកាន់ទឹកដីអ៊ីតាលីសារជាថ្មីម្តងទៀតមុនរដូវកាលថ្មី(២០១៩ -២០២០)ចាប់ផ្តើមដោយមិនខ្វល់ពីការតាមចែចូវពីសំណាក់ក្រុម Real Madrid ដែលកំពុងតាំងខ្លួនជាគូប្រជែងនោះឡើយ។

យោង Manchester Evening News បានឱ្យដឹងថាក្លិប Real Madrid បានផ្តល់តម្លៃខ្លួនចំនួន ៧២លានផោនបូករួមទាំងកីឡាករ Gareth Bale ឬ Isco ជាថ្នូរនឹងការដោះដូរជាមួយ Pogba ។ បើទោះបីជាបាននាំយកខ្សែបម្រើ-ប្រយុទ្ធឆ្នើម Eden Hazard ពីក្រុម Chelsea និង Luka Jovic ពីក្រុម Frankfurt រួចទៅហើយក្តី ប៉ុន្តែគ្រូបង្វឹកលោក Zinedine Zidane នៅតែមានមហិច្ឆតាសង្ឃឹមក្នុងការជ្រើសរើសខ្សែបម្រើដែលមានគំនិតច្នៃប្រឌិតដើម្បីកសាងក្រុមអោយបានរឹងមាំឡើងវិញ។

គ្រូបង្វឹកអន្តរជាតិបារាំងរូបនេះបានត្រៀមរួចជាស្រេចធ្វើយ៉ាងណាអោយក្រុម Man.United ពេញចិត្តទៅនិងសំណើរដែលខ្លួនបានលើកឡើងខាងលើ។ កាលពីពេលថ្មីៗនេះ Pogba ម្ចាស់ជ័យលាភី World Cup ២០១៨ វ័យ ២៦ឆ្នាំរូបនេះបានទម្លាយព័ត៌មានថារូបគេនឹងចាកចេញពីអង់គ្លេសដោយសារចង់មានការប្រកួតប្រជែងថ្មីមួយផ្សេងទៀត។

Pogba បានវិលត្រលប់មកចូលរួមជាមួយក្លឹប Man.United នៅឆ្នាំ២០១៦ ម្រាប់តម្លៃផ្ទេរកំណត់ត្រាពិភពលោកដែលមានតម្លៃរហូតដល់ ៨៩លានផោនពោលគឺបានចំណាយពេល ៣ រដូវកាលនៅក្លឹប Man United ប៉ុន្តែបច្ចុប្បន្នស្ថានភាពរបស់ខ្លួនជាមួយក្លឹបហាក់កាន់តែឃ្លាតឆ្ងាយទំនាក់ទំនងល្អរវាងក្រុមពីមួយថ្ងៃទៅមួយថ្ងៃ។