Gianluigi Buffon បានច្រានចោលនូវការផ្តល់ស្លាកលេខអាវលេខ១ បន្ទាប់ពីការវិលត្រលប់មកកាន់ទឹកដី Juventus វិញមុនរដូវកាល SerieA ២០១៩-២០២០ចាប់ផ្តើម។ កីឡាករអ្នកចាំទីជើងចាស់វ័យ ៤១ឆ្នាំរូបនេះនឹងប្តូរជំនួសមកវិញនូវសំលៀកបំពាក់អាវស្លាកលេខ៧៧ ក្រោយពីបានបដិសេធការជ្រើសរើសយកស្លាកលេខ១ ដែលកំពុងតែកាន់កាប់ដោយកីឡាករអ្នកចាំទី Wojciech Szczęsny។

ព្រមជាមួយគ្នានេះផងដែរអតីតអ្នកចាំទីដែលនាំអ៊ីតាលីឈ្នះ World Cup ២០០៦ រូបនេះ ក៏បានបដិសេធឱកាស ក្នុងការក្លាយជាប្រធានក្រុម Juventus ក្នុងកាយវិការមួយគួរគោរព ខណៈពេលបច្ចុប្បន្នតួនាទីនេះជារបស់ខ្សែការពាររួមជាតិអ៊ីតាលី Giorgio Chiellini។

Buffon បានប្រាប់បណ្តាញសារពត៌មានថាៈ Szczęsny ចង់ផ្តល់ឱ្យខ្ញុំនូវអាវលេខ១ និងតួនាទីប្រធានក្រុមដែល Chiellini កំពុងតែទទួលខុសត្រូវ។ ប៉ុន្តែផ្ទុយទៅវិញខ្ញុំមានមោទនភាពដែលមានប្រធានក្រុមដូចជា Giorgio ដែលធ្លាប់លេងរួមក្រុម Parma ក្រោយមកខ្ញុំបានផ្ទេរមក Juventus។ ខ្ញុំរីករាយនិងរំភើបបើទោះបីមានវ័យជិត ៤២ឆ្នាំ ខ្ញុំសូមអរគុណគ្រប់គ្នា។ ខ្ញុំបានលេងរួមក្រុមជាមួយខ្សែប្រយុទ្ធឆ្នើម Neymar និង Mbappé ឥឡូវនេះជាមួយ Ronaldo វិញម្តង។