គ្រូ​បង្វឹក​ដែល​ទើប​តែងតាំង Rafael Benitez បាន​ជួយ​ឲ្យ​ Dalian Yifang​ យក​ឈ្នះ​ក្លិប Henan Jianye ៣​ទល់នឹង​១ ការប្រកួត​ជម្រើស​ជើងឯក​បាល់ទាត់​ជាតិ​ចិន (Chinese Super League) ​ថ្ងៃ​អាទិត្យ​ម្សិលមិញ​។​ លេង​បាន ​២០​នាទី​កីឡាករ Emmanuel Boateng ស៊ុត​បញ្ចូល​ទី​បានសម្រេច​ឲ្យ​ក្រុម Dalian នាំមុខ បន្ទាប់ពី​កំហុស​អ្នកចាំទី​ Wu Yan។

៦​នាទី​មុន​ចប់​តង់​ទី​១ Dalian បន្ត​នាំមុខ​បន្ថែម​ទៀត ក្រោយ​កីឡាករ Yannick Carrasco ស៊ុត​បាល់​ពិន័យ ១១​ម៉ែត្រ​បានសម្រេចបន្ទាប់ពី​កីឡាករ Wang Jinxian របស់​ក្លិប Henan បង្ក​កំហុស​។​ ចូល​តង់​ទី​២ នាទី​ទី​៥៤ ម្ចាស់​ផ្ទះ Dalian Yifang ​បន្ថែម​ការ​នាំ​មុខ​ នៅ​ពេល​ដែល​កីឡាករ Emmanuel Boateng រក​បាន​គ្រាប់​ទី​២ ​របស់​ខ្លួន មុន​ពេល​កីឡាករ Ivo រក​គ្រាប់​វាយបក​ឲ្យ​ភ្ញៀវ Henan ប៉ុន្តែ​យឺត​ពេល​។ ក្រោយ​លេង​បាន ​១៦ប្រកួត Dalian នៅ​បន្ត​ឈរ​លេខ​១០ ​ដដែល​មាន​ ២០​ពិន្ទុ ខណៈ​ដែល Henan លេខ​១១​ មាន ​១៧​ពិន្ទុ​។​

ថ្ងៃ​ជាមួយ​គ្នា​នេះ​ដែរ Shandong Luneng ឈ្នះ​ក្លិប​ចំណាត់​ថ្នាក់​ទាប Beijing Renhe ដើម្បី​បន្ត​ប្រជែងយក​តំណែង​លំដាប់​ Top 3 ​ក្នុង​ការ​ប្រកួត​លី​ហ្គ​កំពូល​ចិន​។ លេង​បាន​ ៨​នាទី​ភ្ញៀវ Shandong ប៊ិះ​នាំមុខ​គូប្រកួត​ទៅ​ហើយ ក្រោយ​កីឡាករ SoneAluko ស៊ុត​បញ្ចូល​ទីបានសម្រេច ប៉ុន្តែ​បន្ទាប់ពី​ពិនិត្យ​វីដេអូ​ជំនួយ​អាជ្ញា​កណ្ដាល (VAR) ​អាជ្ញា​កណ្ដាល​មិន​ឲ្យគ្រាប់​ចូល​។​

​ចូល​តង់​ទី​២​ នាទី​ទី​៦៤ កីឡាករ Graziano Pelle តែ​ត​បញ្ចូល​ទី​ឲ្យ Shandong នាំមុខ ក្រោយ​កីឡាករ Roger Guedes កាត់​បាល់​ចេញទៅ​ឲ្យ​។ ៣នាទី​មុន​ចប់​ការប្រកួត​កីឡាករ Roger Guedes បន្ថែម​គ្រាប់​ទី​២ ឲ្យ Shandong Luneng​ ឈរ​នៅ​លេខ​៤​ មាន ​២៨​ពិន្ទុ​។​ ដោយឡែក​ក្លិប Tianjin Teda បាន​បំបាក់ Jiangsu Suning ២​ទល់នឹង​១ ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៧ ការប្រកួត​ត្រឹម​សប្ដាហ៍​ទី​១៦​។ លេង​បាន​ ១២​នាទី​កីឡាករ Sandro Wagner រក​គ្រាប់​បាល់​នាំមុខ​ឲ្យ Tianjin ពី​កា​រ​បញ្ជូន​បាល់​របស់​កីឡាករ Johnathan​។

លេង​តង់​ទី​១​ បាន​ត្រឹម ១​នាទី Tianjin នាំមុខ​បន្ត​ទៀត ដោយ​គ្រាប់​បាល់​របស់​កីឡាករ Frank Acheampong មុន​ពេល​កីឡាករ Li Ang ស៊ុត​បាន​ ១​គ្រាប់​វិញ​ឲ្យ Jiangsu កាត់បន្ថយ​គម្លាត​នាំមុខ​។​ មកដល់ពេលនេះ ក្រោយ​លេង​បាន ​១៦​ប្រកួត ក្លិប Beijing Guoan ឈរ​នៅ​លេខ​១​ មាន ​៤២​ពិន្ទុ ឯ​ក្លិប​ Guangzhou Evergrande និង Shanghai SIPG លេខ​២ និង​លេខ​៣​ រៀង​គ្នា​ដោយ​មាន​ ៤០​ពិន្ទុ​ដូចគ្នា​៕