ខ្សែ​បំរើ​បារាំង Paul Pogba​ ស្ថិត​ក្នុង​បញ្ជី​ក្រុម Manchester United ក្នុង​ដំណើរ​ប្រកួត​មិត្តភាព​មុន​បើក​រដូវ​កាល​ថ្មី​រយៈពេល ១៨​ថ្ងៃ​នៅ​អូស្ត្រាលី​ សិង្ហ​បុរី និង​ចិន ទោះបី​មាន​ព័ត៌មាន​ថា​នឹង​ចាក​ចេញពី Old Trafford ក៏ដោយ​។

​​ខ្សែ​បំរើ​បារាំង​វ័យ ២៦​ឆ្នាំ​រូប​នេះ​មិន​មាន​វត្តមាន​ឡើយ ​ក្នុង​ការ​ហ្វឹកហាត់​ជាមួយ​ក្រុម​សប្ដាហ៍​មុន ​ដោយ​មាន​ការ​សុំ​ច្បាប់​ពី​គ្រូ​បង្វឹក Ole Gunnar Solskjaer​។​ ​Paul Pogba​ កំពុង​មាន​អនាគត​មិន​ច្បាស់​លាស់​ជាមួយ Manchester United បន្ទាប់ពី​អតីត​កីឡាករ​របស់ Juventus ​រូប​នេះ​ធ្លាប់​បង្ហើប​ថា ​ចង់បាន​បទពិសោធន៍​ថ្មី ស្រប​ពេល​ដែល​ភ្នាក់ងារ​ទិញដូរ​កីឡាករ Mino Raiola ​ធ្លាប់​បាន​លើកឡើង​ដែរ​កាលពី​ថ្ងៃ​សុក្រ​ថា Pogba ​ចង់​ចាកចេញ​។ ​

កីឡាករ​ផ្សេង​ទៀត​ដែល​មាន​ក្នុង​បញ្ជី​របស់ ManU​ ដូច​ជា​កីឡាករ​ចំណូល​ថ្មី Aaron-Wan Bissaka​ និង Daniel James សុទ្ធតែ​មានឈ្មោះ បូក​រួម​ទាំង​ខ្សែ​ប្រយុទ្ធ​ប៊ែ​ល​ហ្ស៊ិ​ក Romelu Lukaku​ ដែល​អាច​នឹង​ផ្ទេរ​ទៅ Inter Milan នោះ​ក៏​មាន​ឈ្មោះ​ដែរ​។

​​Manchester United នឹង​ត្រូវ​ជួប​ជាមួយ​ក្រុម​អូស្ត្រាលី Perth Glory នៅ​ថ្ងៃ​ទី១៣​ និង​ជួប Leeds United ថ្ងៃ​ទី​១៧​ មុន​ពេល​ចេញទៅ​សិង្ហ​បុរី​ជួប​ប្រកួត​ជាមួយ Inter Milan នៅ​ថ្ងៃ​ទី២០​ ខណៈ​ចុង​ក្រោយ​ជួប Tottenham Hotspur នៅ​ទីក្រុង​សៀង​ហៃ​ថ្ងៃ​ទី​២៥​ ខែ​កក្កដា​៕
By: BTV