ខណៈនៅសល់ពេលត្រឹមតែ ៦សប្តាហ៍ទៀតប៉ុណ្ណោះទីផ្សារដោះដូរកីឡាករនឹងត្រូវបញ្ចប់នៅលីកកំពូលអឺរ៉ុប ដើម្បីត្រៀមប្រកួតបើករដូវកាលថ្មី។ សម្រាប់ Barcelona នៅមិនទាន់បានបំពេញកិច្ចសន្យាផ្ទេរកីឡាករដែលពួកគេចង់បានគ្រប់កំរិតនៅឡើយទេ។

ស្ថានភាពនេះគឺផ្ទុយស្រឡះពីគូប្រជែង Real Madrid និង Atletico ដែលបានបញ្ចប់កិច្ចព្រមព្រៀងផ្ទេរកីឡាករ ដែលក្រុមខ្លួនចង់បានដូចបំណងមួយចំនួន ត្រៀមសម្រាប់រដូវកាល ២០១៩-២០២០។ គោលដៅរបស់ម្ចាស់ជើងឯក La Liga គឺមានដូចជាៈ Antoine Griezmann, Neymar និង Matthijs de Ligt។ ប៉ុន្តែគិតមកដល់ពេលនេះក្រុមរបស់លោក Ernesto Valverde ទើបតែទទួលជោគជ័យក្នុងការនាំយកកីឡាករ Frenkie De Jong និងអ្នកចាំទី Neto ២រូបនេះប៉ុណ្ណោះ។

ខណៈពត៌មានការផ្ទេរអតីតខ្សែប្រយុទ្ធ Neymar មកកាន់កីឡាដ្ឋាន Nou Camp នៅតែជារឿងរសើបបំផុតនៅឡើយ។ ខាងក្រោមនេះជាមូលហេតុ ៣ចំនុច ដែល Barcelona មិនគួរនាំយក Neymar ត្រលប់មករួមក្លឹបវិញនោះទេៈ

១.តម្លៃខ្លួន និងប្រាក់បៀរវត្សខ្ពស់

Neymar បានចុះហត្ថលេខាលើកិច្ចសន្យាជាមួយ Barcelona នៅខែតុលាឆ្នាំ ២០១៦ លក្ខខណ្ឌមួយក្នុងចំណោមកិច្ចព្រមព្រៀងនេះនៅតម្លៃខ្លួនទិញផ្តាច់កុងត្រា ២២២លានអ៊ឺរ៉ូ។ ដូច្នេះក្រុម PSG និងមិនអាចលក់ Neymar នៅទឹកប្រាក់បង់ខាតច្រើនបាននោះទេ ស្របពេលក្លឹប Barcelona ហ៊ានអោយតម្លៃថ្លៃបំផុត ១៥០លានយូរ៉ូ ខណៈដែលក្លឹបកំពុងត្រៀមចំណាយរហូតដល់ទៅ ១២០លានយូរ៉ូ សម្រាប់ចុះហត្ថលេខានាំយក Griezmann មករួមក្រុមផងដែរនោះ។

ក្រៅពីតម្លៃខ្លួនដ៏ច្រើន Neymar បច្ចុប្បន្នទទួលបានប្រាក់ពលកម្មនឿយហត់ប្រចាំសប្តាហ៏ដល់ទៅ ៦៥០០០០ផោន/សប្តាហ៏ឯណោះជាមួយ PSG។

២.បញ្ហារបួសតាមយាយី

ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះគិតចាប់តាំងពីរដូវកាល ២០១៧-២០១៨ Neymar បានជួបបញ្ហារបួសកជើងដែលកើតឡើងម្តងហើយម្តងទៀតជាឧបសគ្គរារាំងដល់អាជីពរបស់គេ។ Neymar ធ្លាប់អវត្តមានក្នុងការប្រកួតដ៏សំខាន់ជាមួយ PSG នៅក្នុងការប្រកួតក្នុងក្របខ័ណ្ឌ Champions League វគ្គ ១៦ក្រុម នៃក្របខ័ណ្ឌ Champions League ជាមួយ Real Madrid ក្នុងខែមីនាឆ្នាំ ២០១៨ និងនៅឆ្នាំ២០១៩ ធ្លាក់ចេញក្រោមថ្វីជើង Man.United។

របួសចុងក្រោយបំផុតគឺរបួសកជើងដដែលកើតឡើងកាលពីខែមុនក្នុងការចាប់ផ្តើមការប្រកួត Copa America ឆ្នាំ២០១៩ ខណៈក្រុមជម្រើសជាតិប្រេស៊ីលឈ្នះពានរង្វាន់នេះជាលើកដំបូងចាប់តាំងពីឆ្នាំ២០០៧ មក។ សរុបមក Neymar ចំណាយពេល ៨ខែកន្លះដើម្បីព្យាបាលរបួស និងខកខានចូលរួមប្រកួត ៥០ដង ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។

៣.ធ្លាក់ទម្រង់លេង

Neymar សម្រេចចិត្តចាកចេញពីក្លឹប Barcelona នៅឆ្នាំ២០១៧ គោលបំណងសាងកេរ្តិ៍ឈ្មោះថាជាកីឡាករល្អបំផុតម្នាក់លើពិភពលោក ទោះមិនបានស្មើរៀមច្បង Ronaldo និង Messi ក៏រូបគេប៉ងឈ្នះពានបាល់មាស។ ប៉ុន្តែផ្ទុយទៅវិញរដូវកាលចាស់ Neymar មិនមានឈ្មោះក្នុងបញ្ជីកីឡាករចម្រាញ់ចុងក្រោយទាំង ១០រូប ដែលជាបេក្ខភាពឈ្នះពានបាល់មាសនោះទេ បន្ទាប់ពីរងរបួសមុនពេលព្រឹត្តការណ៏ World Cup ២០១៨ និងបន្តជួបប្រទះបញ្ហារបួសចាស់មុនពេល Copa America ២០១៩ ចាប់ផ្តើម។

ទោះជារកបានគ្រាប់បាល់ជារឿយៗក្នុងរយៈពេល ២រដូវកាលជាមួយ PSG ដូច្នេះមានន័យថា Neymar នៅតែជាកីឡាករដ៏ល្អម្នាក់ ប៉ុន្តែអ្វីដែលនាំអោយរូបគេមិនអាចបង្ហាញទម្រង់លេងល្អបានគឺតបញ្ហារបួសនាំអោយធ្លាក់ចុះទម្រង់លេងក្នុងរយៈពេលពីរឆ្នាំចុងក្រោយ ហើយអនាគតនិងមិនអាចព្យាករណ៏ដឹងបានឡើយ។ ដូច្នេះសរុបមក Barcelona គួរតែពិចារណាអោយបានម៉ត់ចត់ និង ត្រឹមត្រូវបំផុតមុនឈានដល់ការចុះហត្ថលេខានាំយកអតីតកីឡាកររូបនេះមករួមក្រុមវិញ។