ក្រោយឆ្លងកាត់អាជីពជាអ្នកចាត់ការទូទៅលោក Zinedine Zidane បានឈ្នះពានរង្វាន់ចំនួន៩ រួមទាំងពានរង្វាន់៣ដងនៃក្របខ័ណ្ឌ Champions League។​ ទោះជាទទួលបានជោគជ័យបែបនេះយ៉ាងណាក្តី គ្រូបង្វឹកអន្តរជាតិបារាំងរូបនេះ ក៏ធ្លាប់មានទំនាក់ទំនងមិនល្អជាមួយកូនក្រុមឈានរហូតដល់ដកហូតទំនុកចិត្តនាពេលកន្លងមករហូតដល់បច្ចុប្បន្ននេះ។

១.Pepe

Pepe ធ្លាប់ចំណាយពេលលេងអោយ Real Madrid ១០ឆ្នាំបង្ហាញខ្លួន ៣៣៤ប្រកួតនិងឈ្នះរង្វាន់ ១៣លើក។ រដូវកាលចុងក្រោយខ្សែការពារអន្តរជាតិព័រទុយហ្គាល់ចូលលេងបានតែ ១៨លើកប៉ុណ្ណោះ ខណៈដែល Zidane មានទំនុកចិត្តដាក់អោយ Sergio Ramos ចាប់ដៃគូជាមួយ Raphael Varane។ កិច្ចសន្យារបស់ Pepe នឹងត្រូវផុតកំណត់នៅ ឆ្នាំ២០១៧ ប៉ុន្តែ Real Madrid ព្រមព្រៀងផ្តល់អោយត្រឹមមួយឆ្នាំតែសាមីកីឡាករទាមទាររយៈពេលពីរឆ្នាំ។ ទីបំផុត Real Madrid បានសម្រេចអោយ Pepe ចាកចេញទៅកាន់ក្លឹប Besiktas នៅឆ្នាំ២០១៧។

២.Dani Ceballos

Dani Ceballos ខ្សែបម្រើវ័យ ២២ឆ្នាំបង្ហាញខ្លួនបានតែបួនលើកប៉ុណ្ណោះក្នុងក្របខ័ណ្ឌ La Liga និង Champions League សម្រាប់រដូវកាលដំបូងរបស់គាត់នៅឯក្លឹប Real Madrid។ ហើយបន្ទាប់ពីលោក Zidane ចាកចេញពីក្រុម Real នៅរដូវក្តៅឆ្នាំ២០១៨ Ceballos ក៏នៅតែគ្មានឪកាសចូលលេងក្រោមការដឹកនាំរបស់លោក Lopetegui និង Solari។ ក្រោយការត្រលប់មកវិញរបស់ Zidane គ្រូបង្វឹករូបនេះនៅតែអោយតម្លៃ Modric រឺ Kross ទោះរងរបួសរឺក៏អវត្តមានក៏រូបគេមិនត្រូវបានផ្តល់ឪកាសចូលលេងឡើយ។ យ៉ាងណាមិញមានពត៌មានចុងក្រោយនេះបានចុះផ្សាយថាៈ ក្លឹប Real Madrid និងលក់ Caballos នៅក្នុងតម្លៃព្រមព្រៀងមួយនៅរដូវក្តៅនេះ ខណៈ Tottenham បានសម្តែងការចាប់អារម្មណ៏។

៣.Gareth Bale

៦រដូវកាលចូលលេងបាន ២៣១ប្រកួត និងស៊ុតបញ្ចូលទីបាន ១០២គ្រាប់ និងឈ្នះពាន ៩លើក។ Bale បានសាងគុណសម្បត្តិល្អបំផុតគឺរកគ្រាប់បាល់ជ័យជំនះការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ទោះបីជាយ៉ាងណាបញ្ហារបួសបានញាំញីជាបន្តបន្ទាប់ធ្វើអោយ Zidane បង្វែរចំណាប់អារម្មណ៏លើកីឡាករផ្សេងក្នុងក្រុមជំនួសវិញ។

មុនចាប់ផ្តើមរដូវកាល ២០១៩-២០២០ Real Madrid បានចុះហត្ថលេខាលើខ្សែប្រយុទ្ធបីនាក់រួចហើយ មានន័យថាក្រុមបានត្រៀមត្រួសត្រាយផ្លូវរួច ហើយសម្រាប់កីឡាករវេលស៍រូបនេះ។ ទោះបីជាយ៉ាងណាក៏ដោយ Bale នឹងមិនមានតំលៃខ្លួនធូរថ្លៃនោះទេ ហើយប្រាក់ឈ្នួលដែលរូបគេទាមទារគឺមានចំនួនច្រើនមានន័យថាមិនមានក្លិបច្រើននៅអឺរ៉ុបមានលទ្ធភាពអាចនាំយកខ្សែបម្រើ-ប្រយុទ្ធស្លាបរូបនេះមករួមក្រុមដោយងាយនោះទេ។

បើទោះបីជា Bale សំុពេលចូលលេងសម្រាប់ការប្រកួតមុនបញ្ចប់រដូវកាលជាមួយ Real Betis ក៏គ្រូបង្វឹក Zidane មិនបានអនុញ្ញាតិអោយដែរ ខណៈភ្នាក់ងារកីឡាករ Bale លោក Jonathan Barnett បាននិយាយថា Zidane ចង់លក់ Bale ចេញ ប៉ុន្តែសាមីខ្លួននៅតែជំនះចង់បន្តតស៊ូស្នាក់នៅតទៀត មុនពេលកិច្ចសន្យារបស់ខ្លួនផុតកំនត់នៅឆ្នាំ២០២២ ខាងមុខ។