(តូរីន)៖ AC Milan បាននាំយកកីឡាករខ្សែការពារ Theo Hernandez ពីក្លឹបយក្សអេស្ប៉ាញ Real Madrid ក្នុងតម្លៃប្រមាណ ១៨លានផោន ដែលស្មើនឹង ២២.៥លានដុល្លារ។ នេះបើតាមការប្រកាសរបស់ក្លឹបនាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩។

កីឡាករសញ្ជាតិបារាំង វ័យ ២១ឆ្នាំរូបនេះបង្ហាញខ្លួនឲ្យ Real Sociedad បាន ២៨ប្រកួតក្នុង La Liga ដែលត្រូវ បានក្លឹបនេះខ្ចីជើងពី Real Madrid កាលពីរដូវកាលឆ្នាំ២០១៧-២០១៨។ Theo ជាកីឡាករទី៧ ដែលត្រូវបាន លោក Zidane លក់ចេញ បន្ទាប់ពីធ្លាប់ឈ្នះពានធំ UEFA Championship League បានម្តងដងជាមួយក្រុម អធិរាជស ក្នុងរយៈពេល ២រដូវកាលនៅទឹកដី Santiago Bernabeu ក្រោយចាកចេញពីក្លឹប Atletico Madrid។

កីឡាករវ័យក្មេង Theo បានផ្ទេរទៅកាន់ក្លឹបគូប្រជែងក្នុង La Liga, Real Sociedad ជាលក្ខណៈខ្ចីជើង បន្ទាប់ពីមិនជាប់ក្នុងជម្រើស ១១នាក់ដំបូងក្នុងក្លឹប Real Madrid។ ការលក់រូបគេនេះដែរ បានធ្វើឲ្យក្លឹបស្ថិតនៅ ទីក្រុង Madrid នៃប្រទេសអេស្ប៉ាញមួយនេះកើនប្រាក់ចំណូលបាន ១១៥លានអឺរ៉ូក្នុងរដូចកាលដោះដូរកីឡាករ នាខែកក្កដានេះ ក្រោយទទួលបាន ៤៥លានអឺរ៉ូពីការលក់ Mateo Kovacic ទៅឲ្យ Chelsea, ៣០លានអឺរ៉ូ ពីការលក់ Marcos Llorente និង ២០លានអឺរ៉ូទៀតបានពីការលក់កីឡាករ Raul de Tomas។

Theo Hernandez បានចុះកិច្ចព្រមព្រៀងរយៈពេល ៥ឆ្នាំជាមួយ AC Milan ដែលមានលោក Paolo Maldini ជានាយកបច្ចេកទេសក្នុងការផ្តួចផ្តើមនាំយករូបគេមកកាន់ទឹកដី San Siro ដែលមានលោក Marco Giampaolo ជាគ្រូបង្វឹកបង្គោលនោះ៕