ខ្សែប្រយុទ្ធអន្តរជាតិបារាំង Antoine Griezmann បានបញ្ជាក់កាលពីថ្ងៃអាទិត្យថា ការឆ្លើយតបទាំងខឹងសម្បារបស់ក្លិប Atletico Madrid ចំពើការផ្ទេររបស់គេទៅកាន់ក្លិបគូប្រជែងក្នុងក្របខ័ណ្ឌ La Liga ដូចគ្នាគឺ Barcelona គឺជារឿងដ៏គួរឲ្យសោកស្តាយមួយ។

ក្លិប Barcelona បានប្រកាសកាលពីថ្ងៃសុក្រថា ពួកគេបានចំណាយប្រាក់រំលាយកិច្ចសន្យាចំនួន១២០លានអឺរ៉ូ (ស្មើនឹង១៣៥លានដុល្លារអាមេរិក) របស់កីឡាករវ័យ២៨ឆ្នាំរូបនេះ ដើម្បីចុះហត្ថលេខាជាមួយនឹងរូបគេក្នុងកុងត្រារយៈពេល៥ឆ្នាំ។ ការប្រើប្រាក់រំលាយកិច្ចសន្យានេះ បាននាំឲ្យមានការឆ្លើយតបទាំងខឹងសម្បារពីក្លិប Atletico ដែលបានបញ្ជាក់ថា ចំនួនទឹកប្រាក់នេះមិនគ្រប់គ្រាន់ឡើយ។

ស្របពេលដែលរូបគេបានបង្ហាញខ្លួននៅកីឡដ្ឋាន Camp Nou កីឡាកររូបនេះបានប្រាប់សន្និសីទសារព័ត៌មានមួយថា៖ «ទាក់ទងនឹងនឹងក្លិប Atletico វាជារឿងដ៏គួរឲ្យសោកស្តាយមួយ។ ខ្ញុំបានទៅប្រាប់ពួកគេពីបំណងរួចហើយ ហេតុនេះ ពួកគេមិនគួរធ្វើបែបនេះឡើយ និងគួរតែត្រៀមសម្រាប់អនាគត»។ នៅពេលដែលត្រូវបានចោទសួរអំពីការឆ្លើយរបស់ក្លិប Atletico កីឡាករ Griezmann បានបញ្ជាក់ថា៖ «យើងបានឈានដល់ការព្រមព្រៀងគ្នាមួយ ប៉ុន្តែ ទីបំផុតវាបានផ្លាស់ប្តូរ។

វាគឺអ៊ីចឹង ប៉ុន្តែ អ្នកត្រូវតែទទួលយកវា»។ ភ្លាមៗបន្ទាប់ពីក្លិប Barcelona បានប្រកាស់ពីការចុះហត្ថលេខានេះ ក្លិប Atletico បានត្អូញត្អែថា ក្លិប Barcelona និង Griezmann បានធ្វើការចរចាគ្នាទៅលើការផ្ទេរនេះ នៅមុនពេលទឹកប្រាក់រំលាយកិច្ចសន្យាបានធ្លាក់ចេញពីចំនួន២០០លានអឺរ៉ូ ចាប់ពីដើមខែកក្កដា៕

ប្រភពព័ត៌មាន៖ Channel News Asia