លោក Zinedine Zidane ជាថ្មីម្តងទៀតបានស្នើសុំប្រធានក្លិប Real Madrid លោក Florentino Perez ដើម្បីត្រៀមប្រជែងដេញថ្លៃចុះហត្ថលេខានាំយកកីឡាកររហូតដល់ទៅ ៣រូបបន្ថែមទៀតនៅរដូវក្តៅនេះ។ ក្រុមអធិរាជស Real Madrid បានចាប់ផ្តើមធ្វើការវិនិយោគយ៉ាងខ្លាំងរហូតដល់ជិត ៣០០លានផោនមុនចាប់ផ្តើមរដូវកាលថ្មីនេះ បន្ទាប់ពីជួបប្រទះរដូវកាលដ៏ខកចិត្ត(២០១៨-២០១៩)ដោយគ្មានឈ្នះពានអ្វីសោះ។

យោងការចុះផ្សាយរបស់គេទំព័រកីឡាអេស្ប៉ាញ Diario Gol បានចុះផ្សាយថាគ្រូបង្វឹករហស្សនាម Zizou បច្ចុប្បន្នមានវ័យ ៤៧ឆ្នាំចង់បានកីឡាករចំណូលថ្មី ៣ មកពង្រឹងក្រុមបន្តទៀត ក្រោយពីលោក Perez វ័យ ៧២ឆ្នាំ បានបញ្ចប់ការចុះហត្ថលេខាលើខ្សែប្រយុទ្ធ Eden Hazard ពីក្លិបតោខៀវ Chelsea ជាមួយនឹងកីឡាករ Luka Jovic មកពី Eintracht Frankfurt, Eder Militao មកពី Porto, Ferland Mendy មកពីលីយ៉ុងនិង Rodrygo មកពី Santos។

កីឡាករ ៣រូបផ្សេងទៀតដែលអ្នកចាត់ការទូទៅអន្តរជាតិបារាំងរូបនេះ នៅតែបន្តចង់បានមានដូចជាៈ Paul Pogba ប៉ុន្តែកាលពីពេលថ្មីៗនេះក្រុម Man.United បានតម្លើងតម្លៃខ្លួនរបស់គេដល់ទៅ ១៨០លានផោន ដូច្នេះមកដល់ពេលនេះក្រុមចង់បង្វែរគោលដៅមក Christian Eriksen ដែលបានបង្ហាញពីបំណងចង់ចាកចេញពី Tottenham Hotspur នៅរដូវក្តៅនេះ។ តារាឆ្នើម Donny van de Beek របស់ក្លិប Ajax វ័យ ២២ឆ្នាំក៏មានទំនាក់ទំនងពីក្លឹប Real Madrid ផងដែរ ប៉ុន្តែម្ចាស់ ជើងឯកហូឡង់ត្រូវការតម្លៃខ្លួនយ៉ាងតិច ៦០លានអឺរ៉ូសម្រាប់ខ្សែបម្រើអន្តរជាតិហូឡង់ដែលមានការចាប់អារម្មណ៍ពីក្លឹប Man U, Liverpool, Spurs និង Barcelona ផងដែរ។