ខ្សែការពារ Matthijs de Ligt បានយល់ព្រមចូលរួមជាមួយនឹងក្លិប Juventus។ នេះបើយោងទៅតាមការចេញផ្សាយរបស់បណ្តាញសារព័ត៌មានហូឡង់ និងអ៊ីតាលី កាលពីថ្ងៃចន្ទ ប៉ុន្តែ វាមិនទាន់ច្បាស់ថា តើក្លិបមានមូលដ្ឋាននៅក្រុង Turin មួយនេះ បានយល់ព្រមលើតម្លៃខ្លួនជាមួយនឹងក្លិប Ajax ឬយ៉ាងណា។

បណ្តាញសារព័ត៌មានជាច្រើនបានចេញផ្សាយថា ខ្សែការពារអន្តរជាតិហូឡង់វ័យ១៩ឆ្នាំរូបនេះ ដែលបានធ្វើជាប្រធានក្រុមនៃក្រុម Ajax ក្នុងពេលក្រុមខ្លួនឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League បានយល់ព្រមលើលក្ខខណ្ឌផ្ទាល់រួចរាល់ហើយជាមួយនឹងក្លិប Juventus ហើយនិងធ្វើដំណើរទៅដលើ់ទីក្រុង Turin នៅថ្ងៃអង្គារនេះ ដោយរូបគេនឹងត្រូវពិនិត្យសុខភាពនៅថ្ងៃពុធ។

បណ្តាញសារព័ត៌មាននៅប្រទេសអ៊ីតាលី បានបញ្ជាក់ថា ក្លិប Juventus នឹងចំណាយប្រាក់ឲ្យក្លិប Ajax ចំនួន៧៥លានអឺរ៉ូ (ស្មើនឹង៨៥លានដុល្លារអាមេរិក)។ De Ligt ត្រូវបានទាក់ទងឲ្យផ្ទេរទៅកាន់ក្លិបធំៗជាច្រើននៅអឺរ៉ូ ក្រោយពីបានបង្ហាញពីទម្រង់លេងដ៏គួរឲ្យចាប់អារម្មណ៍សម្រាប់ក្រុម Ajax និងក្រុមជម្រើសជាតិហូឡង់ កាលពីរដូវកាលមុន។

រូបគេបានលេងការប្រកួត១១៧លើកសម្រាប់ក្រុម Ajax ក្នុងរាល់យុទ្ធនាការទាំងអស់ ដោយបានស៊ុតបាល់បញ្ចូលទី១៣គ្រាប់ ដោយបានស៊ុតបាល់បញ្ចូលទី១៣គ្រាប់ ក្នុងនោះរាប់បញ្ចូលទាំងការរកបាន៣គ្រាប់ ក្នុងពេលក្រុមខ្លួនបានឈានទៅវគ្គ៤ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League កាលពីរដូវកាលមុនផងដែរ មុននឹងចាញ់ក្រុម Tottenham ក្នុងជើងទី២។ De Ligt បានរកគ្រាប់បាល់ឈ្នះនៅលើទឹកដីក្រុម Juventus ក្នុងពេលក្រុម Ajax បានទម្លាក់ក្រុមសេះបង្កង់មួយនេះ ក្នុងវគ្គ៨ក្រុមចុងក្រោយ។ រូបគេបានបង្ហាញខ្លួនចំនួន១៧លើកសម្រាប់ក្រុមជម្រើសជាតិហូឡង់៕
ប្រភពព័ត៌មាន៖ Channel News Asia