ខ្សែការពារស្លាបស្តាំអន្តរជាតិអង់គ្លេស Kieran Trippier របស់ក្លិប Tottenham កំពុងតែខិតកាន់តែកៀកក្នុងការបំពេញការផ្ទេរក្នុងតម្លៃខ្លួន២០លានផោន (ស្មើនឹង២៥លានដុល្លារអាមេរិក) ទៅកាន់ក្លិបយក្សអេស្ប៉ាញ Atletico Madrid។

កីឡាករវ័យ២៨ឆ្នាំរូបនេះ បានចូលរួមជាមួយនឹងក្លិប Spurs ពីក្លិប Burnley កាលពីខែមិថុនា ឆ្នាំ២០១៥ និងបានលេងការប្រកួតច្រើនជាង១០០លើកសម្រាប់ក្លិបនេះ ខណៈដែលការបង្ហាញខ្លួនជាលើកចុងក្រោយរបស់គេបានកើតឡើងក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គផ្តាច់ព្រ័ត្រ កាលពីខែមិថុនា។ ក្រោយមក រូបគេបានទទួលស្គាល់ថា រូបគេមិនប្រាកដចិត្តថា រូបគេនឹងបន្តនៅរហូតផុតកិច្ចសន្យារបស់គេដែលនឹងត្រូវផុតកំណត់នៅឆ្នាំ២០២២ ឡើយ។

Trippier នឹងក្លាយជាខ្សែការពារចំណូលថ្មីដ៏សំខាន់ទី៣របស់ក្លិប Atletico នៅរដូវក្តៅនេះ។ លោកគ្រូបង្វឹក Diego Simeone បាបននាំយកខ្សែការពារកណ្តាល Felipe ពីក្លិប Porto និងខ្សែការពារស្លាបឆ្វេង Renan Lodi ពីក្លិបប្រេស៊ីល Athletico Paranaense រួចជាស្រេច។ ស្របពេលដែលខ្សែប្រយុទ្ធអន្តរជាតិព័រទុយហ្គាល់ Joao Felix ដែលត្រូវបានទិញចូលក្នុងតម្លៃខ្លួន១១៣លានផោន និងខ្សែបម្រើ Marcos Llorente ដែលបានផ្ទេរពីក្លិប Real Madrid កនុងតម្លៃខ្លួន៣៦លានផោន។

ការទិញចូល Trippier នឹងធ្វើឲ្យការចំណាយប្រាក់សរុបលើការទិញចូលកីឡាកររបស់ក្លិប Atletico ក្នុងរដូវក្តៅមកទល់ពេលនេះមានចំនួនច្រើនជាង១៧០លានផោន។ ប៉ុន្តែ ទោះបីជាយ៉ាងណា ក្រុមម្ចាស់ជើងឯករងរបស់ក្របខ័ណ្ឌ La Liga មួយនេះ បានទទួលប្រាក់ចំនួន១០៧,៧លានផោនវិញពីការលក់ខ្សែប្រយុទ្ធអន្តរជាតិបារាំង Antoine Griezmann ទៅឲ្យក្លិប Barcelona៕
ប្រភពព័ត៌មាន៖ BBC