ខ្សែការពារស្លាបស្តាំអន្តរជាតិអង់គ្លេស Kieran Trippier បានបំពេញការផ្ទេររបស់គេទៅកាន់ក្លិប Atletico Madrid ពីក្លិប Tottenham Hotspur។ នេះបើយោងទៅតាមការប្រកាសរបស់ក្លិបយក្សអេស្ប៉ាញ កាលពីថ្ងៃពុធ។

ក្លិប Atletico បានបញ្ជាក់នៅលើគេហទំព័ររបស់ខ្លួនថា ពួកគេបានចុះហត្ថលេខាជាមួយនឹង «កីឡាករដ៏អស្ចារ្យ និងពោរពេញដោយបទពិសោធម្នាក់ពីក្រុមម្ចាស់ជើងឯករងនៃក្របខ័ណ្ឌ Champions League» និងបានបន្ថែមថា Trippier បានយល់ព្រមលើកិច្ចសន្យារយៈពេល៣ឆ្នាំ។ បណ្តាញសារព័ត៌មានអេស្ប៉ាញ និងចក្រភពអង់គ្លេស សុទ្ធសឹងបានចេញផ្សាយថា ក្លិប Atletico បានចំណាយប្រាក់ឲ្យក្លិប Spurs ចំនួន២២លានអឺរ៉ូ (ស្មើនឹង២៤,៧លានដុល្លារអាមេរិក)។

Trippier បានលេងការប្រកួត១៦លើកសម្រាប់ក្រុមជម្រើសជាតិអង់គ្លេស ដោយបានស៊ុតបាល់បញ្ចូលទី១គ្រាប់តាមរយៈការស៊ុតបាល់ពិន័យ Free-kick ក្នុងពេលចាញ់ក្រុមជម្រើសជាតិក្រូអាស៊ី ក្នុងព្រឹត្តិការណ៍ World Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ រូបគេបានចូលរួមជាមួយនឹងក្លិប Spurs ពីក្លិប Burnley ក្នុងឆ្នាំ២០១៥ និងបានបង្ហាញខ្លួន១១៤លើកសម្រាប់ក្លិបមានមូលដ្ឋាននៅទីក្រុងឡុងដ៍មួយនេះ។ ការផ្ទេរនេះ បង្ហាញពីការបន្តការពង្រឹងតំបន់ការពាររបស់ក្រុម Atletico។

ខ្សែការពារ Diego Godin, Filipe Luis និង Lucas Hernandez សុទ្ធសឹងបានចាកចេញពីក្លិប ខណៈដែលខ្សែការពារប្រេស៊ីល Renan Lodi និង Felipe បានបំពេញការផ្ទេររួចជាស្រេច។ លោកគ្រូបង្វឹក Diego Simeone ក៏បានបំពេញការនាំយកខ្សែប្រយុទ្ធវ័យក្មេងព័រទុយហ្គាល់ Joao Felix ក្នុងតម្លៃខ្លួន១២៦លានអឺរ៉ូ នៅរដូវក្តៅនេះផងដែរ៕
ប្រភពព័ត៌មាន៖ Channel News Asia