បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​សញ្ជាតិ​បារាំង SebastianHaller បាន​សំរេច​ក្នុង​ការ​ផ្ទេរ​មកកាន់ West Ham ផ្លូវ​ការ​ហើយ​ក្នុង​តំលៃ ផ្ទេរ​បំបែក​កំណត់ត្រា​ក្លិប 45លាន​ផោន​ពី​ក្លិប​អាល្លឺម៉ង់ Eintracht Frankfurt​។ ​កីឡាករ​វ័យ 25ឆ្នាំ​អតីត​ជំរើស​ជាតិ​អាយុ​ក្រោម 21ឆ្នាំ​បារាំង​រូប​នេះ​បាន​ចុះហត្ថលេខា​ជាមួយ West Ham 5ឆ្នាំ​។

Haller ដែល​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​បាន 20គ្រាប់​ក្នុង​ការ​បង្ហាញខ្លួន 40ប្រកួត​អោយ Frankfurt រដូវ​កាល​មុន​នោះ គឺជា​កីឡា​ករ​ទី​4 ​ហើយ​របស់ West Ham មុន​រដូវ​កាល​ថ្មី​ខាងមុខ​។​ ​ការ​មក​ដល់​របស់ Haller នឹង​បំបែក​កំណត់ត្រា​ចាស់​កីឡាករ​ផ្ទេរ​ចូល​ថ្លៃ​បំផុត 36លាន​ផោន Felipe Anderson កាលពី​ឆ្នាំ2018​។​​រយៈពេល 2រដូវ​កាល​ជាមួយ Frankfurt, Haller ស៊ុត​បញ្ចូល​ទី​បាន 33គ្រាប់​ក្នុង​ការ​បង្ហាញខ្លួន 77ប្រកួត​។

​​Sebastian Haller បាន​ផ្ទេរ​ពី​ក្លិប​ហូ​ឡង់ FC Utrecht ដែល​គេ​លេង​បាន 98​ប្រកួត​រក​បាន 51​គ្រាប់​។ ការ​មក​ដល់​របស់ Sebastian Haller ស្រប​ពេលដែល West Ham បាន​បាត់បង់​កីឡាករ​សំខាន់​បីនាក់​រួមមាន Lucas Perez, Marko Arnautovic​និង Andy Carroll៕