គ្រូ​បង្វឹក​ក្រុម​ភ្នំពេញ​ក្រោន លោក ស៊ុំ វណ្ណា បាន​នឹងកំពុង​រៀបចំ​ផែន​ការ ដើម្បី​បង្អាក់​ដំណើរ ឬ​កាន់បន្ថយ​ភាព​ខ្លាំង​របស់​ក្រុម​មិនទាន់​ស្គាល់ការ​ចាញ់សោះ ​ព្រះ​ខ័នរាជស្វាយ​រៀង ដើម្បី​កុំ​ឲ្យ​ក្រុម​នេះ បាន​លេខ​១ ជាមួយ​លទ្ធផល​ល្អពេក និង​បើក​ផ្លូវ​ឲ្យក្រុមធំៗ​ផ្សេង​ទៀត ចូល​រួមប្រជែង​ជាមួយស្វាយរៀង ផងដែរ។

លោក ស៊ុំ វណ្ណា​ បាន​និយាយ​ថា៖​ «​នៅ​សប្តាហ៍នេះ យើង​ត្រូវ​ជួប​ ព្រះខ័នរាជស្វាយ​រៀង ដែល​ជា​ក្រុម​មិន​ដែលចាញ់​សោះ ព្រោះ​ទម្រង់​​របស់​គាត់​ល្អ ហើយការ​រៀបចំក៏​បាន​ល្អ តាំង​ពី​ដើម​ទី ​រហូត​មក​ដល់​ពេល​នេះ ប៉ុន្តែ​យើងមាន​ឱកាស​ប្រជែង​ជាមួយ​គាត់ នៅ​ក្នុងទឹក​ដី​យើង​ផ្ទាល់ គឺ​យើងនឹង​ខំ​ប្រឹង​ឲ្យអស់​ពីលទ្ធ​ភាព ដើម្បី​បង្អាក់​ដំណើរ​របស់​គាត់ កុំ​ឲ្យ​គាត់​​បាន​លេខ​១ វាល្អ​ពេក»

ក្លិប​ភ្នំពេញ​ក្រោន បាន​​បង្ហោះ​​ការ​លើកឡើង​របស់​លោក ស៊ុំ វណ្ណា នេះ នៅ​លើ​ផេច​ហ្វេស​ប៊ុក​របស់​ខ្លួន ហើយការ​វាយ​ប្រហារ​បែប​ពាក្យសំដី នៅមុនការ​ប្រកួត​ចាប់​ផ្តើមនេះ ​បាន​ធ្វើ​ឲ្យមាន​ការ​ចាប់​អារម្មណ៍​ខ្លាំង ព្រោះ​១៦​ប្រកួត​កន្លងមក​នេះ ក្រុមស្វាយរៀង មិន​ដែល​ចាញ់​ម្តង​សោះ និង​កំពុងមាន​ពិន្ទុ​ដាច់​ឆ្ងាយ​ពី​គេ។ ប៉ុន្តែ​គេនៅ​មិន​ទាន់​ដឹង​ថា ភ្នំពេញ​ក្រោន អាច​ធ្វើ​បាន ឬ​យ៉ាង​ណា​នោះ​ទេ ខណៈ​ការ​ប្រកួត​ជើង​ទី​១ ពួក​គេ បាន​ចាញ់​ក្រុម​ម្ចាស់​ផ្ទះ​ស្វាយ​រៀង រហូត​ដល់ ៥-១ នោះ។

លោក ស៊ុំ វណ្ណា បាន​បន្ថែម​ថា៖​ «យើង​រៀបចំធ្វើ​​យ៉ាង​ណា ដើម្បីកាត់​បន្ថយ​ពិន្ទុ​ក្រុម​ស្វាយរៀង ដើម្បី​ឲ្យក្រុមផ្សេង​​ទៀត ដែល​ជា​ក្រុម​ធំ​ដូច​គ្នា ​មានឱកាស​លេង​ជាមួយ​គាត់ និង​បង្អាក់​ដំណើរ​គាត់​ទៀត កុំ​ឲ្យ​ពិន្ទុ​វា​ចាញ់​ដាច់​ឆ្ងាយ​ពី​គ្នា​ពេក ព្រោះ​បើ​ពិន្ទុដាច់​ឆ្ងាយខ្លាំង​ពេក ធ្វើ​ឲ្យ​ក្រុម​ផ្សេង​ទៀត​អស់​សង្ឃឹម រួច​ទម្លាក់ការ​រៀបចំ និងទម្លាក់​ទម្រង់​លេង​របស់​គាត់ អ៊ីចឹងគោលដៅ​ចម្បង​របស់​យើងលើក​នេះ គឺ​យើង​ព្យាយាម​បង្អាក់​ដំណើរ​របស់​​ក្រុម​ស្វាយរៀង»

​គ្រូ​បង្គោល​​បណ្តោះ​អាសន្ន​​របស់​​ក្រុម​ភ្នំពេញ​ក្រោន រូបនេះ បាន​បញ្ជាក់ថា៖​ «ទោះយើង​មិន​​អាច​​ឈ្នះ​គាត់ ក៏​យើង​ត្រូវ​យក​ស្មើ​គាត់​ឲ្យបានដែរ ព្រោះ​គាត់​ជា​ក្រុម​ខ្លាំង នៅ​ក្នុង​លីក។ បើ​យើង​ទទួលបាន​ជ័យ​ជម្នះ​លើ​គាត់ វា​រឹង​តែ​ល្អ ដើម្បី​បង្អាក់​ដំណើរ​របស់​គាត់ ហើយ​នេះជា​ការ​ប្រកួត​ដ៏​ធំ​បំផុត​របស់​យើង ប្រចាំ​រដូវ​កាល​នេះ»

យ៉ាង​ណា​ក៏​ដោយ លោក ជូ សារឿង គ្រូ​ជំនួយ​ក្រុម​ព្រះខ័នរាជស្វាយរៀង មិន​បាន​ចាប់អារម្មណ៍​ទៅលើ​ការ​លើក​ឡើងរបស់ លោក ស៊ុំ វណ្ណា នោះ​ទេ។ លោក​បាន​បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ក្នុងស្រុក​​ថា៖​ «​នេះ​គ្រាន់តែ​ទស្សនៈ​​របស់​គាត់ ដែល​យើងមិន​អាច​យក​មក​គិត នៅ​ក្នុងអារម្មណ៍​របស់​យើង​នោះទេ! ​​រឿង​ដែល​សំខាន់ យើង​ត្រូវ​ពង្រឹង​សមត្ថ​ភាព​កីឡាករ​របស់​យើង ​គឺ​យើង​មិន​អាច​ធ្វេស​ប្រហែង​​នោះ​​ទេ ព្រោះ​យើង​ចង់​រក្សា​ជ័យ​ជម្នះ​របស់​យើងបន្ត​ទៀត»