ក្លិបបិសាចក្រហម Manchester United កំពុងតែពិភាក្សាទៅលើការចុះហត្ថលេខាជាមួយនឹងខ្សែប្រយុទ្ធ Paulo Dybala ពីក្លិប Juventus។ វាត្រូវបានគេរំពឹងទុកថា ការចរចាផ្សេងៗកំពុងតែស្ថិតក្នុងដំណាក់កាលចាប់ផ្តើម ហើយមិនមានការធានាថា Man United នឹងដាក់សំណើមួយសម្រាប់ខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីនរូបនេះ ឬក៏ថា រូបគេរីករាយក្នុងការផ្ទេរទៅកាន់កីឡដ្ឋាន Old Trafford នោះឡើយ។
ប៉ុន្តែ ទោះបីជាយ៉ាងណា ក្លិប Juventus ចង់អនុញ្ញាតឲ្យ Dybala ចាកចេញ ខណៈដែលពួកគេចង់បានខ្សែប្រយុទ្ធ Romelu Lukaku របស់ក្លិប Man United ត្រឡប់មកវិញ។ កីឡាករវ័យ២៥ឆ្នាំរូបនេះ បានស៊ុតបាល់បញ្ចូលទី១០គ្រាប់សម្រាប់ក្រុម Juventus កាលពីរដូវកាលមុន។
Lukaku ក៏ស្ថិតក្នុងការចាប់អារម្មណ៍ពីសំណាក់ក្លិប Inter Milan ផងដែរ បើទោះបីក្រុមស្ថិតក្នុងក្របខ័ណ្ឌ Serie A មួយនេះ មិនបានផ្តល់តម្លៃខ្លួនតាមការចង់បានរបស់ក្លិប Man United សម្រាប់ខ្សែប្រយុទ្ធអន្តរជាតិបែលហ្ស៊ិករូបនេះក៏ដោយ។
លោក Ole Gunnar Solksjaer អ្នកចាត់ការទូទៅរបស់ក្រុម Man United បានបញ្ជាក់ថា លោកសង្ឃឹមថា នឹងបន្ថែមកីឡាករជាច្រើននាក់ទៀតចូលក្នុងក្រុមរបស់លោក នៅមុនពេលចាប់ផ្តើមរដូវកាលថ្មី ប៉ុន្តែ លោកបានបដិសេធក្នុងការធ្វើការបកស្រាយទៅលើព័ត៌មានទាក់ទងនឹងកីឡាករអាហ្សង់ទីនរូបនេះ។ គ្រូបង្វឹកសញ្ជាតិន័រវែសរូបនេះ បានឲ្យដឹងថា៖ «ខ្ញុំមិនមែនស្ថិតនៅទីនេះ ដើម្បីជជែកពីពាក្យចរចាមអារ៉ាមលើកីឡាកររបស់ក្រុមផ្សេងឡើយ»៕
ប្រភពព័ត៌មាន៖ BBC