អ្នកលេងគុនចម្រុះជើងខ្លាំងសញ្ជាតិហ្វីលីពីន Eduard Folayang ឬ គេស្គាល់ថា «Landslide» ត្រូវបានជើងខ្លាំង Eddie Alvarez ឬ «The Underground King» រៀបគម្រោងយកឈ្នះពេលជួបនៅសង្វៀន ONE: DAWN OF HEROES នាថ្ងៃសុក្រ ទី២ ខែ សីហា ខាងមុខនេះ។ អ្នកលេងគុនចម្រុះពោរពេញដោយបទពិសោធន៍នឹងជួបគ្នានៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្នុងកម្មវិធី ONE Lightweight World Grand Prix នៅក្រុងម៉ានីល ប្រទេសហ្វីលីពីនដើម្បីដណ្ដើមកៅអីទៅវគ្គផ្ដាច់ព្រ័ត្រ។ មុនពេលប្រកួត Folayang ត្រូវបានសម្ភាសន៍ខ្លីមួយពីសំណាក់ពិធីកររបស់ ONE Championship លោក Mitch Chilson និងឆ្លើយសំណួរចំពោះល្បិចចង់ឈ្នះពីសំណាក់ Alvarez។

Folayang បានថ្លែងសារថា Alvarez ជាកីឡាករម្នាក់គួរឲ្យគោរព ប៉ុន្តែអ្វីដែលត្រូវគិតក្នុងផែនការនោះ គឺ ត្រូវបញ្ចប់គូប្រជែងតាមរយៈតិកនិកដ៏អង់អាចរបស់ខ្លួន។ អតីតម្ចាស់ខ្សែក្រវាត់ ONE Lightweight Championship បានបញ្ជាក់បែបនេះ៖«ខ្ញុំនឹងរៀបគម្រោងដាល់គេដោយកណ្ដាប់ដៃស្ដាំរបស់ខ្ញុំ, គាបគេទៅនឹងក្ដាររេញ, និងវាយឲ្យគេចុះចាញ់តែម្ដង»។ វីរបុរសរបស់ហ្វីលីពីនមកក្លិប Team Lakay កំពុងមានឆន្ទៈ និង កម្លាំងចិត្តជាខ្លាំងក្នុងគោលដៅបំបាក់អ្នកលេងគុនចម្រុះដ៏មានបទពិសោធន៍មកពីរដ្ឋ Philadelphia សហរដ្ឋអាមេរិក។

បុរសវ័យ៣៤ ឆ្នាំសង្កត់ធ្ងន់ថា៖ «ខ្ញុំបានទស្សនា វីដេអូជាច្រើនអំពីការប្រកួតរបស់ Alvarez។ គេជាកីឡាករល្អណាស់ ជាពិសេសការប្រកួតក្នុងជំហរ។ ដូច្នេះខ្ញុំត្រូវតែរៀបចំដើម្បីទប់ទល់។ ខ្ញុំរៀបគម្រោងប្រយុទ្ធដេកទៅនឹងក្ដាររេញ ឬ ប្រើក្បាច់ចំបាប់ ដែលអាចធ្វើឲ្យរូបគេលំបាកតដៃ»។ តារាប្រចាំសង្វៀន ONE បន្តថា៖ «វាជាការពិត នេះជាក្បាច់គុនចម្រុះ។ អ្នកអាចបង្កើតក្ដីរំពឹងច្រើនដោយសារតិកនិកប្រកួត និង បច្ចេកទេសជាច្រើន។ ខ្ញុំបានត្រៀមរួចរាល់ហើយ។ យើងជាម្ចាស់ផ្ទះ ដូច្នេះយើងត្រូវតែធ្វើឲ្យល្អបំផុតនៅយប់ថ្ងៃសុក្រនេះ»។

Eduard Folayang មានកំណត់ប្រកួតគុនចម្រុះចំនួន ២៨ លើក ក្នុងនោះឈ្នះ ២១ លើក និង ចាញ់ ៧ លើក។ ចំណែក Eddie Alvarez មានកំណត់ត្រាប្រកួតដល់ ៣៧ លើកក្នុងនោះ ឈ្នះ ២៩ លើក និង ចាញ់ ៧ លើកដូច Folayang ដែរ។ អ្នកឈ្នះរវាង Eduard Folayang និង Eddie Alvarez នឹងឡើងទៅជួប Saygid Guseyn Arslanaliev នៅវគ្គផ្ដាច់ព្រ័ត្រ ONE Lightweight World Grand Prix នៅសង្វៀន ONE: CENTURY នាថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០១៩ ខាងមុខ៕